ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងអេមីរ៉ាត អំពាវនាវឱ្យមានការចូលរួមក្នុងតំបន់ ដើម្បីធានាសន្តិសុខនៅអាស៊ីខាងលិច

តេអេរ៉ង់ៈ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងអារ៉ាប់រួម (UAE) កាលពីថ្ងៃអាទិត្យ បានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការធានាសន្តិសុខនៅក្នុងតំបន់អាស៊ីខាងលិច តាមរយៈការចូលរួមពីរដ្ឋក្នុងតំបន់ទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ Ali Akbar Ahmadian និងទីប្រឹក្សាសន្តិសុខជាតិរបស់អេមីរ៉ាតអារ៉ាប់រួមលោក Sheikh Tahnoun bin Zayed Al Nahyan បានពិភាក្សាគ្នាអំពីបញ្ហាក្នុងតំបន់ ទំនាក់ទំនងទ្វេភាគី និងការឈ្លានពានរបស់អ៊ីស្រាអែល-អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។

លោក Ahmadian បានសរសើរការថ្កោលទោសរបស់អេមីរ៉ាត ចំពោះ “ការឈ្លានពាន” យោធារបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ដោយសង្កត់ធ្ងន់ថាសន្តិសុខរបស់ប្រទេសក្នុងតំបន់គឺ “ជាប់ទាក់ទងគ្នា” ហើយត្រូវការការចូលរួមពីរដ្ឋក្នុងតំបន់ទាំងអស់។ លោកបានបន្ថែមថា “ប្រសិនបើសន្តិសុខរបស់ប្រទេសក្នុងតំបន់មួយត្រូវបានគំរាមកំហែងដោយហានិភ័យពីបរទេស តំបន់ទាំងមូលនឹងត្រូវប្រឈម” ។

លោក Ahmadian ក៏បានគូសបញ្ជាក់អំពីគោលនយោបាយជាគោលការណ៍របស់អ៊ីរ៉ង់ក្នុងការពង្រីកទំនាក់ទំនងជាមួយប្រទេសជិតខាងរបស់ខ្លួន។ ទីប្រឹក្សាសន្តិសុខជាតិរបស់អេមីរ៉ាតរូបនេះ ក៏បានកត់សម្គាល់ផងដែរថា រដ្ឋក្នុងតំបន់ទាំងអស់គួរតែធានាសន្តិសុខក្នុងតំបន់។ លោកបានលើកឡើងថា “ប្រសិនបើសន្តិសុខរបស់រដ្ឋក្នុងតំបន់មួយត្រូវបានសម្របសម្រួល វានឹងជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសផ្សេងទៀតទាំងអស់នៃតំបន់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏ធំលើតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិល។ អ៊ីរ៉ង់ បានឆ្លើយតបនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនលើកមកលើអ៊ីស្រាអែល ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងខូចខាតមួយចំនួនធំផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top