បរទេស៖ ប្រធានាធិបតីចិនលោក Xi Jinping បានអះអាងជាថ្មី នូវផែនការពង្រឹងទំនាក់ទំនង ជាយុទ្ធសាស្ត្រជាមួយរុស្ស៊ី ក្នុងអំឡុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រី ការបរទេសរុស្ស៊ី លោក Sergey Lavrov នៅថ្ងៃអង្គារ , នេះបើតាមក្រសួងការបរទេសនៅទីក្រុងមូស្គូ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចពិភាក្សានេះបានធ្វើឡើង មុនសម័យប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេស របស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងធានជីន។
លោក Xi បានសរសើរស្ថានភាពនៃទំនាក់ទំនងរុស្ស៊ី-ចិន ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការពង្រីកភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររបស់ប្រទេស។ លោកក៏បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយពណ៌នាទំនាក់ទំនងជាមួយសមភាគីរុស្ស៊ីថា ជា មិត្តភាព “ល្អ និងជាមិត្តភាពដ៏យូរអង្វែង “។
លោក Xi និង លោក Lavrov បានពិភាក្សា លើប្រធានបទអន្តរជាតិ និងតំបន់សំខាន់ៗមួយចំនួន បើទោះបីជាក្រសួង ការបរទេសរុស្ស៊ី មិនបានផ្តល់ព័ត៌មានជាក់លាក់ក៏ដោយ ។ លោក Xi និង លោក Lavrov ក៏បាននិយាយទៅកាន់ទំនាក់ទំនងនយោបាយទ្វេភាគី រួមទាំងការត្រៀមរៀបចំសម្រាប់ដំណើរ ទស្សនកិច្ចរបស់លោកពូទីនទៅកាន់ប្រទេសចិនផងដែរ។
លោកពូទីនត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋរបស់ SCO នៅថ្ងៃទី១ ខែកញ្ញា ដែលជាស្ថាប័នធ្វើការសម្រេចចិត្តកំពូលរបស់អង្គការ និងចូលរួមព្រឹត្តិការណ៍នានានៅថ្ងៃទី ៣ ខែកញ្ញា ដែលជាខួបលើកទី ៨០ នៃជ័យជំនះលើប្រទេសជប៉ុនក្នុងសង្គ្រាមលោកលើកទីពីរ៕
ប្រែសម្រួលៈ ណៃ តុលា
