ព័ត៌មានអន្តរជាតិ

«ប្រទេសចិនស្អាត» ទស្សនាទាន​ ដល់ពិភពលោក ក្នុងចរន្ត នៃការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ប្រកបដោយចីរភាព

«ប្រទេសចិនស្អាត» ជាបញ្ញត្តិដ៏ពេញនិយម នៅក្នុងប្រទេសចិន ដែលមិនត្រឹម តែជាយុទ្ធសាស្ត្របរិស្ថានជាតិ របស់ខ្លួននោះទេ វាថែមទាំងផ្តល់ នូវកំណើនយ៉ាងខ្លាំង ដល់វិស័យសេដ្ឋកិច្ច និងផ្តល់ជាទស្សនាទាន ដល់នយោបាយការទូត ពីប្រទេសចិនទៅដល់ទស្សនវិជ្ជាសកល។ «ប្រទេសចិនស្អាត» ជាប្រព័ន្ធគំនិត ដែលផ្តល់ទឡ្ហីករណ៍ប្រកប ដោយវិទ្យាសាស្ត្រស្តីពីទំនាក់ទំនង រវាងមនុស្សនិងធម្មជាតិ គឺជាអង្គឯកភាពរួមគ្នា ហើយទស្សនៈនេះ បានបន្តពង្រីកវិសាលភាពក្លាយ ជាអរិយធម៌អេកូឡូស៊ីស្រប តាមប្រាជ្ញាចិនដែលបានផ្តួចផ្តើម និងប្រតិបត្តិយ៉ាងស៊ីជម្រៅ ដោយលោក Xi Jinping ប្រធានរដ្ឋចិន ។ ការកសាង«ប្រទេសចិនស្រស់ស្អាត» ជាគោលដៅ នៃការអភិវឌ្ឍអរិយធម៌អេកូឡូស៊ី ដែលមានភាពប្រទាក់ក្រឡាគ្នា និងជាបើកជំពូកថ្មី របស់ប្រទេសចិននៅក្នុង ការលើកកម្ពស់បៃតង ភាពយ៉ាងពេញលេញ ដល់ការកសាងសហគមន៍រួមជីវិត សុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ ចាក់បញ្ចូលទាំងស្រុង ទៅក្នុង សហគមន៍ជោគវាសនារួម នៃមនុស្សជាតិ ហើយក្លាយជាបទពិសោធន៍ ដែលពិភពលោកកំពុងរៀនសូត្រ តាមលំអាន របស់ប្រទេសចិន ។ ជាសច្ចភាព នៅក្នុងសតវត្សរ៍ទី២១នេះ ប្រទេសចិនបានយល់ច្បាស់ថា ចរន្ត នៃការអភិវឌ្ឍសេដ្ឋកិច្ច មនុស្សជាតិមិនអាចដាច់ ពីបញ្ហាបរិស្ថានឡើយ ហើយភាពធ្ងន់ធ្ងរ នៃការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយធនធានធម្មជាតិ ការបំពុលបរិស្ថាន និងភាពមិនសមនឹងគ្នា នៃការអភិវឌ្ឍ តាមតំបន់ កំពុងបង្កឱ្យមានការចោទ សួរជាថ្មីលើស្វ័យភាពនៃការអភិវឌ្ឍសង្គមមនុស្ស ដែលលើកទឹកចិត្តដល់ប្រទេសចិនបង្កើន ទំហំពណ៌បៃតង ក្នុងប្រទេសរបស់ខ្លួន​ ដោយបានពង្រីក ឥតឈប់ឈរនូវផ្ទៃដីព្រៃឈើ​ ដែលចិនបានដាំដោយកម្លាំងមនុស្ស ទំហំសរុបរហូតដល់ ទៅប្រហែល៨៧ លានហិកតា ស្ថិតនៅលំដាប់ទីមួយលើពិភពលោក ពោលគឺប្រទេសចិនជាប្រទេសដែលបង្កើនចំនួនធនធាន ព្រៃឈើច្រើនបំផុតនិង ក្នុងល្បឿនលឿនបំផុត លើពិភពលោក ហើយចូលសតវត្សរ៍ទី២១មក ក្នុងចំណោមទំហំព្រៃឈើដែលបង្កើតថ្មីលើពិភពលោក ទំហំ២៥%គឺស្ថិតក្នុង ប្រទេសចិន ។ ក្នុងបរិបទនេះ ប្រទេសចិន បាននិងកំពុងរះឡើង ជាអ្នកដឹកនាំផ្នែកទស្សនវិស័យអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈគំនិត «ប្រទេសចិនស្អាត» ដែលផ្អែកលើបដិវត្តន៍គំនិតអេកូឡូស៊ីនិយម និង កិច្ចកសាងសហគមន៍រួមជីវិត។

«ប្រទេសចិនស្អាត» ជាបញ្ញត្តិដើរតាមលំអាន ទស្សនវិជ្ជាតាវ និងទស្សនវិជ្ជាខុងជឺដែលជាគ្រឹះមូលដ្ឋាន ជាសារវន្តដល់ការរស់នៅជាប់ ជាមួយធម្មជាតិដើម្បីបង្កើត ទំនាក់ទំនងជាសន្តិភាព និងមានតុល្យភាពរវាងការអភិវឌ្ឍនិងបរិស្ថាន។ ក្នុងវិស័យទស្សនវិជ្ជាអភិវឌ្ឍន៍ ប្រទេសចិនបានបញ្ចេញ ទស្សនវិស័យដើម្បីផ្លាស់ប្តូរទិសដៅ នៃការអភិវឌ្ឍសេដ្ឋកិច្ចពីការរីកចម្រើនគ្មានដែនកំណត់ ទៅជាការរីកចម្រើន ដែលមានសុវត្ថិភាពនិងបែបចីរភាព។ បញ្ញត្តិ «ប្រទេសចិនស្អាត » ជាទស្សនវិជ្ជាចិន ដែលបានផ្តោតលើគុណភាពជំនួសបរិមាណ និងផ្តល់ជាគតិដល់មនុស្សជាតិឱ្យយល់យ៉ាង ច្បាស់ថាប្រទេសចិនបាននិងកំពុង ផ្តល់បច្ច័យទាន ពីការថែរក្សាបរិស្ថាន មិនមែនជាឧបសគ្គនៃអភិវឌ្ឍទេ ប៉ុន្តែជាមូលដ្ឋានសម្រាប់និន្នាការ វឌ្ឍនភាពរីកចម្រើន ដ៏ប្រសើរនៃសេដ្ឋកិច្ចបៃតងដោយរួមបញ្ចូល នូវកំណើនទេសចរដែលជាមាសបៃតងថែមទៀតផង។ បញ្ញត្តិ «ប្រទេសចិនស្អាត» ក៏ផ្តល់គំរូភាពជាសកលថា ការអភិវឌ្ឍតាមបែបផែនចិន បន្តរក្សាភាពគង់វង្សនៃធនធានធម្មជាតិរបស់ពិភពលោក ពោលគឺបញ្ញត្តិនេះបានផ្ទេរ ទៅភាពជាដៃគូសកល ដោយបាន ផ្ដល់ជំនួយបច្ចេកទេស និងគំនិតសម្រាប់ការអភិវឌ្ឍបៃតងដល់ប្រទេសនានា ជាពិសេសសម្រួចដល់ការអនុវត្ត គម្រោងបៃតងនានា ក្នុងក្របខណ្ឌ «ខ្សែក្រវាត់និងផ្លូវ» ជាក់ស្តែងផលិតផលរថយន្តអគ្គិសនី របស់ប្រទេសចិនបានក្លាយជាម៉ាក ផលិតផលសកល ប្រកបដោយទំនុកចិត្ត ដែលនេះជាការរួម ចំណែកដល់ពិភពលោក ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពស្រប តាមរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ព្រមទាំងជាការប្តេជ្ញាចិត្តប្រកបដោយ ទំនួលខុសត្រូវ របស់ប្រទេសចិនសម្រាប់ផែនដី ដែលជាផ្ទះរួមរបស់យើងលើអព្យាក្រឹត កាបូននៅក្នុងលំហអាកាស។
បញ្ញត្តិ «ប្រទេសចិនស្អាត » ត្រូវបានអ្នកសិក្សាស្រាវជ្រាវយល់ស្របគ្នាថា ជាទស្សនវិជ្ជាមួយដែលផ្តល់លំនាំអភិវឌ្ឍជឿនលឿន និងជាឯកសារសកល ស្តីពីការអភិវឌ្ឍ ប្រកបដោយចីរភាព ដោយស្ថិតនៅលើមូលដ្ឋាន ជាអ្នកការពារយ៉ាងខ្ជាប់ខ្ជួន ដល់បរិស្ថាន សកលដោយរក្សាបាននូវស្មារតី ប្រយុទ្ធមិនរួញរាយកជ័យជម្នះ លើសមរភូមិដើម្បីប្រឆាំងនឹងការបំពុលបរិស្ថាន និងការបំផ្លិចបំផ្លាញអេកូឡូស៊ី ស្របនឹងទស្សនៈរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានថ្លែងកាលពីខែកក្កដា ឆ្នាំ២០២៣ ក្នុងសន្និសីទជាតិស្តីពីការការពារបរិស្ថាននិងអេកូឡូស៊ី ត្រូវបានប្រារព្ធឡើងនៅរដ្ឋធានីប៉េកាំង ដោយបានស្នើឱ្យលើកកម្ពស់ទូលំទូលាយការកសាងប្រទេសចិនដ៏ស្រស់ស្អាត និងពន្លឿនទំនើបកម្មនៃការរួមរស់ប្រកបដោយសុខដុមរមនារវាងមនុស្ស និងធម្មជាតិ។ ការណ៍នេះ បានគូសបញ្ជាក់ថា ប្រទេសចិនបាននិងកំពុងចាក់បញ្ចូល ក្នុងសង្គម របស់ខ្លួននូវអរិយធម៌អេកូឡូស៊ី ដែលជាមាគ៌ាឆ្ពោះទៅ កាន់ទំនើបកម្មសង្គមនិយម តាមបែបផែនចិន ហើយដែលប្រជាជនចិនគ្រប់រូប យល់ស្របគ្នាថា «ការថែរក្សាអរិយធម៌អេកូឡូស៊ី ប្រៀបដូចជាថែរក្សា កែវនេត្រារបស់ខ្លួន» ។ បន្ថែមពីលើនេះ ពិភពលោកបានចងចាំង យ៉ាងច្បាស់ថា ១៨ ឧសភា ឆ្នាំ២០១៨ ជាគីឡូម៉ែត្រចេញដំណើរ នូវបន្ទាត់ក្រហម នៃការការពារបរិស្ថាន អេកូឡូស៊ី ក្នុងប្រទេសចិនចាក់បញ្ចូលបន្ថែមទៅក្នុងកិច្ចព្រមព្រៀងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ ដែលប្រទេសចិនជាជើងឯក ក្នុងការផ្តួចផ្តើម និងជាប្រតិបត្តិករយ៉ាងខ្ជាប់ខ្ជួនដល់កិច្ចព្រមព្រៀងប៉ារីសនេះ។

ជារួម «ប្រទេសចិនស្អាត» បានពន្លាតទស្សនៈប្រកបដោយគតិបណ្ឌិតរបស់លោក Xi Jinping ប្រធានរដ្ឋចិន ស្តីពី «ទឹកស្អាត ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» កាលពីថ្ងៃទី១៨ ខែឧសភា ២០០៥ ហើយក៏ជាពន្លាតវិសាលភាព នៃទិវាជាតិអរិយធម៌អេកូឡូស៊ី របស់ប្រទេសចិនដោយបានចេញ ដំណើរពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដែលបានជួយយ៉ាងសកម្ម ដល់សេដ្ឋកិច្ចរបស់ប្រទេសចិនដែលធានាលើសន្តិសុខថាមពល និងប្រគល់មេឃ ពណ៌ខៀវ ដល់ប្រជាជនចិន ដើម្បីសន្តិសុខ ស្បៀង និងធានាការចែករំលែកគំរូភាព ដល់សហគមន៍អន្តរជាតិ ពីបទពិសោធន៍យ៉ាងជោគជ័យ ស្តីពីការអភិវឌ្ឍន ប្រកបដោយចីរភាព និងសុខភាពល្អមាំធន់ខ្លាំងនៃសង្គម-សេដ្ឋកិច្ចរបស់ប្រទេសចិន។ បន្ថែមពីលើនេះ បញ្ញត្តិ «ប្រទេសចិនស្អាត» បានជួយដល់មនុស្សចាស់ របស់ប្រទេសចិន មានជីវភាពរស់នៅ កាន់តែប្រសើរឡើង ឬជាការរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចពណ៌ប្រាក់ របស់ប្រទេសចិន ហើយដែលតាមរយៈនេះត្រូវបានអ្នកវិភាគ សេដ្ឋកិច្ចបានផ្តល់ទឡ្ហីករណ៍ថា ក្នុងឆ្នាំ២០៣៥ សេដ្ឋកិច្ចពណ៌ប្រាក់ របស់ប្រទេសចិន នឹងកើនដល់៣០ទ្រីលានប្រាក់យាន់ចិន៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

To Top