បាងកក ៖ ទិន្នន័យបានបង្ហាញកាលពីថ្ងៃពុធ ទី១៦ ខែកក្កដាថា ឧស្សាហកម្មរបស់ប្រទេសថៃ បានធ្លាក់ចុះក្នុងរយៈពេល ៤ខែជាប់គ្នាក្នុងខែមិថុនា ដែលជំរុញដោយការព្រួយបារម្ភ អំពីភាពតានតឹង នៅតាមព្រំដែន ជាមួយប្រទេសកម្ពុជា វិធានការពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក និងជម្លោះភូមិសាស្ត្រនយោបាយ។
យោងតាមសហព័ន្ធឧស្សាហកម្មថៃ (FTI) បានឱ្យដឹងថា សន្ទស្សន៍ឧស្សាហកម្មថៃ បានធ្លាក់ចុះដល់ ៨៧.៧ កាលពីខែមុនពី ៨៨.១ ក្នុងខែឧសភា ដោយសារ សមាសធាតុភាគច្រើន នៃសន្ទស្សន៍បានថយចុះ ដោយឈានដល់កម្រិតទាបបំផុត ក្នុងរយៈពេល ៩ខែ។ ការធ្លាក់ចុះនេះ ត្រូវបានផ្អែកលើការស្ទង់មតិរបស់សហគ្រិន ១,៣៤២ នៅទូទាំង ៤៧ ក្រុមឧស្សាហកម្មក្រោម សហព័ន្ធឧស្សាហកម្មថៃ FTI ។
FTI បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរឹតបន្តឹងការគ្រប់គ្រងព្រំដែន ជាមួយប្រទេសកម្ពុជាជិតខាង ដែលរំខាន ដល់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ជាពិសេសការផ្អាកការនាំចូលប្រេងសាំង និងឧស្ម័នធម្មជាតិរាវពីប្រទេសថៃ បានរួមចំណែកដល់ការធ្លាក់ចុះនៃនេះ។ FTI បានឲ្យដឹងទៀតថា ពន្ធទ្វេដង នៃពន្ធរបស់សហរដ្ឋអាមេរិក លើផលិតផលដែកថែប និង អាលុយមីញ៉ូម ដែលកាត់បន្ថយការប្រកួតប្រជែងរបស់ធុរកិច្ចថៃ ក៏ដូចជាការប្រែប្រួល តម្លៃថាមពល ការនាំចេញយឺត និងការមកដល់នៃភ្ញៀវ ទេសចរបរទេសតិចជាងមុន ដោយសារជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់ ក៏ត្រូវបានចាត់ទុកថា ជាកត្តាអវិជ្ជមានផងដែរ ។
FTI បានកត់សម្គាល់ថា ការព្យាករណ៍សន្ទស្សន៍ សម្រាប់រយៈពេលបីខែ បន្ទាប់បានធ្លាក់ចុះមកនៅត្រឹម ៩០.៨ ក្នុងខែមិថុនាពី ៩១.៧ ក្នុងមួយខែមុននេះ ដោយសារសហគ្រិនបន្តព្រួយបារម្ភអំពី សក្តានុពលនៃការដំឡើង ពន្ធរបស់សហរដ្ឋអាមេរិក ភាពតានតឹង នៅតាមព្រំដែនជាមួយប្រទេសកម្ពុជា និងប្រាក់ឈ្នួលអប្បបរមាខ្ពស់នៅ ក្នុងវិស័យមួយចំនួន៕
ប្រែសម្រួល ឈូក បូរ៉ា
