បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ប្រភពអនាមិកមួយថា ប្រទេសអ៊ីរ៉ង់ បារាំង អាល្លឺម៉ង់និងចក្រភពអង់គ្លេសបានយល់ព្រមបន្តកិច្ចពិភាក្សាទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហរ៉ង់ឡើងវិញហើយវានឹងធ្វើឡើងដំបូងនៅសប្តាហ៍នេះ។
ទោះបីជាយ៉ាងណាក្តីចំពោះពេលវេលា និងទីតាំងនៅតែស្ថិតក្រោមការចរចា នៅឡើយប៉ុន្តែកិច្ចពិភាក្សានេះត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅកម្រិតនៃអនុរដ្ឋមន្ត្រីការបរទេសមកពីប្រទេសអ៊ីរ៉ង់ និងប្រទេសអឺរ៉ុបទាំងបី ជាមុនសិន។
រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានព្រមានកាលពីសប្តាហ៍មុនថា ប្រទេសអឺរ៉ុបទាំងបី ដែលត្រូវបានគេស្គាល់ជាទូទៅថា E3 នឹងដំណើរការឡើងវិញនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ លុះត្រាតែកិច្ចព្រមព្រៀងនុយក្លេអ៊ែរត្រូវបានសម្រេចនៅចុងខែក្រោយនឹងត្រូវអាចធ្វើឡើង។
គួរឲ្យដឹងដែរថាក្រុមប្រទេសE3 មានសមត្ថភាពប្រើប្រាស់យន្តការ ‘snapback’ ដើម្បីដាក់ទណ្ឌកម្មឡើងវិញដែលត្រូវបានដកចេញពីប្រទេសអ៊ីរ៉ង់ក្រោមផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ក្នុងឆ្នាំ២០១៥ ជាថ្នូរនឹងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសមួយនេះ។
ក្រុមប្រទេសដើមនៃកិច្ចព្រមព្រៀងគឺប្រទេស E3 រុស្ស៊ី ចិន អាមេរិក និងសហភាពអឺរ៉ុបប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកប្រធានាធិបតី Donald Trump លោកបានសម្រេចដកសហរដ្ឋអាមេរិកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀង៕
ប្រែសម្រួល៖ស៊ុនលី
