ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Microsoft ប្រកាសឈប់ពឹងផ្អែកទៅលើវិស្វករចិន ក្នុងការផ្តល់សេវាបច្ចេកទេស ទិន្នន័យសម្រាប់មន្ទីរបញ្ចកោណអាមេរិក

បរទេសៈ ក្រុមហ៊ុន Microsoft កាលពីថ្ងៃសុក្របានកែប្រែការ អនុវត្តរបស់ខ្លួនដើម្បីធានាថា វិស្វករនៅក្នុងប្រទេសចិន លែងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដល់អតិថិជនការពារជាតិអាមេរិក ដោយប្រើសេវាកម្មទិន្នន័យ របស់ក្រុមហ៊ុន។

យោងតាមសារព័ត៌មាន CNBC ចេះផ្សាយកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុន Microsoft បានអនុវត្តការផ្លាស់ប្តូរនៅក្នុង កិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីកាត់បន្ថយហានិភ័យសន្តិសុខ ជាតិ និងសន្តិសុខតាមអ៊ីនធឺណិតដែលកើតចេញពីការងារលើ ទិន្នន័យ ឬ cloud របស់ខ្លួនជាមួយអតិថិជនដ៏សំខាន់មួយ។ សេចក្តីប្រកាសនេះបានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីសារព័ត៌មាន ProPublica បានចេញផ្សាយរបាយការណ៍ ទូលំទូលាយដែលពិពណ៌នាអំពីការពឹងផ្អែក របស់ក្រសួងការពារជាតិលើវិស្វករកម្មវិធី software Microsoft នៅក្នុងប្រទេសចិន។

លោក Frank Shaw ដែលជាប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Microsoft បានសរសេរនៅលើ X ថា “ដើម្បីឆ្លើយតបទៅនឹងកង្វល់ ដែលបានលើកឡើងនៅដើមសប្តាហ៍នេះ អំពីវិស្វករបរទេសដែលគ្រប់គ្រង ដោយសហរដ្ឋអាមេរិក ក្រុមហ៊ុន Microsoft បានធ្វើការផ្លាស់ប្តូរចំពោះការគាំទ្រ របស់យើងសម្រាប់អតិថិជន របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធានាថាគ្មានក្រុមវិស្វករ ដែលមានមូលដ្ឋាននៅប្រទេសចិន ផ្តល់ជំនួយបច្ចេកទេស សម្រាប់ក្រសួងការពារជាតិអាមេរិក និងសេវាកម្មដែលពាក់ព័ន្ធនោះទេ។”

ការផ្លាស់ប្តូរនេះប៉ះពាល់ដល់ការងារនៃផ្នែកសេវាកម្ម cloud Azure របស់ក្រុមហ៊ុន Microsoft ដែលអ្នកវិភាគប៉ាន់ស្មានថា ឥឡូវនេះបង្កើតបានច្រើនជាង 25% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន។ នោះធ្វើឱ្យ Azure ធំជាង Google Cloud ប៉ុន្តែតូចជាង Amazon Web Services ។ ក្រុមហ៊ុន Microsoft ទទួលបាន “ប្រាក់ចំណូលយ៉ាងច្រើនពីកិច្ចសន្យារបស់រដ្ឋាភិបាល” នេះបើយោងតាមរបាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសចុងក្រោយបំផុតរបស់ខ្លួន ហើយច្រើនជាងពាក់កណ្តាល នៃប្រាក់ចំណូល របស់ក្រុមហ៊ុនចំនួន ៧០ ពាន់លានដុល្លារក្នុងត្រីមាសទីមួយ បានមកពីអតិថិជនដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក។

ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុន Microsoft បានឈ្នះកិច្ចសន្យាការពារ ដែលទាក់ទងនឹង cloud ចំនួន ១០ ពាន់លានដុល្លារ ប៉ុន្តែមន្ទីរបញ្ចកោណ បានលុបចោលវានៅឆ្នាំ​ ២០២១ បន្ទាប់ពីការតតាំងគ្នាតាមផ្លូវច្បាប់។ នៅឆ្នាំ ២០២២ ក្រសួងបានផ្តល់កិច្ចសន្យាលើ cloud ដែលមានតម្លៃរហូតដល់ ៩ ពាន់លានដុល្លារ ដល់ក្រុមហ៊ុន Amazon, Google, Oracle និង Microsoft ៕
ប្រែសម្រួលៈ ណៃ តុលា

To Top