បរទេស៖ ក្រុមមន្ត្រីបាននិយាយថា យន្តហោះហ្វឹកហ្វឺន របស់កងទ័ពអាកាសបង់ក្លាដែស បានធ្លាក់ចូលទៅក្នុងសាលារៀន មួយក្នុងទីក្រុង Dhaka ភ្លាមៗបន្ទាប់ពីហោះឡើងកាលពីរសៀលថ្ងៃច័ន្ទ ដោយបានឆាបឆេះ និងសម្លាប់អ្នកបើកយន្តហោះ និងមនុស្សយ៉ាងតិច ១៩ នាក់ផ្សេងទៀត ដែលភាគច្រើនជាសិស្ស។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមមន្ត្រីបាននិយាយថា សិស្សចំនួន ១៧១ នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះដោយអ្នករង របួសរលាក ដោយក្រុមមន្ត្រីបាននិយាយថា រួមមានជាច្រើននាក់របួស ដោយសារតែរលាក ។
យន្តហោះហ្វឹកហ្វឺន F-7 BGI ដែលផលិតដោយចិន បានជួបប្រទះនឹង “បញ្ហាបច្ចេកទេស” ភ្លាមៗ បន្ទាប់ពីហោះឡើង នៅម៉ោង ១៖០៦នាទី រសៀល ម៉ោងក្នុងស្រុក ហើយអ្នកបើកយន្តហោះ បានព្យាយាមបង្វែរយន្តហោះ ទៅកាន់តំបន់ ដែលមានប្រជាជនតិច មុនពេលធ្លាក់ចូលទៅក្នុង បរិវេណសាលា Milestone School និងមហាវិទ្យាល័យ, នេះបើយោង តាមសេចក្តីថ្លែងការណ៍របស់យោធា។
សិស្សបាននិយាយថា អគាររបស់សាលាបានរង្គើរញ័រយ៉ាងខ្លាំង បន្ទាប់មកមានការ ផ្ទុះដ៏ធំមួយ ដែលនាំឱ្យពួកគេរត់ចេញ ដើម្បីសុវត្ថិភាព ។ ភ្លាមៗនោះ ទិដ្ឋភាពដ៏អស់សង្ឃឹមមួយ បានកើតឡើងនៅកន្លែងធ្លាក់យន្តហោះ ខណៈដែលសាច់ញាតិ ដែលភ័យស្លន់ស្លោ បានស្វែងរកមនុស្ស ជាទីស្រលាញ់៕
