យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ ទីក្រុងព្រុចសែលបានចុះបញ្ជីខ្មៅចំពោះធនាគារចិនចំនួនពីរ និងក្រុមហ៊ុនចំនួន ៥ ដែលជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មលើកទី១៨ ប្រឆាំងនឹងរុស្ស៊ីជុំវិញជម្លោះអ៊ុយក្រែន ដោយអះអាងថា ក្រុមហ៊ុនទាំងនោះបានជួយរុស្ស៊ីគេចពីទណ្ឌកម្មពីមុន។
អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិនបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា “ប្រទេសចិនបានប្រឆាំងយ៉ាងជាប់លាប់នូវទណ្ឌកម្មឯកតោភាគីដែលខ្វះមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ និងមិនត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ” ដោយព្រមានថា វិធានការរបស់សហភាពអឺរ៉ុប គឺនឹងប៉ះពាល់យ៉ាងខ្លាំងដល់ពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រសួងពាណិជ្ជកម្មរបស់ចិនបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ចំពោះ “ការអនុវត្តខុស” ដោយបន្ថែមថា ប្រទេសចិននឹង “ចាត់វិធានការចាំបាច់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់” នៃអាជីវកម្មដែលត្រូវបានដាក់ទណ្ឌកម្មរបស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា
