បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសថា រុស្ស៊ី ចិន និងអ៊ីរ៉ង់នឹងជួបពិភាក្សាគ្នានៅថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេហរ៉ង់។
លោកបានកត់សម្គាល់ថា ការចរចាដាច់ដោយឡែក មួយជាមួយបណ្តាប្រទេសអឺរ៉ុប ត្រូវបានគ្រោងធ្វើនៅចុងសប្តាហ៍នេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទ លោក Baghaei បាននិយាយថា កិច្ចពិភាក្សាត្រីភាគីក៏នឹងផ្តោត លើការគំរាមកំហែង របស់ចក្រភព អង់គ្លេស បារាំង និងអាល្លឺម៉ង់ ដើម្បីដាក់ទណ្ឌកម្មឡើងវិញ របស់អង្គការ សហប្រជាជាតិ លើប្រទេសអ៊ីរ៉ង់ជុំវិញ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot ធ្លាប់បានព្រមានអំពីការដាក់ទណ្ឌកម្ម ដ៏មានសក្តានុពលមួយ នៅខែក្រោយ ប្រសិនបើគ្មានការរីកចំរើនដ៏មានអត្ថន័យ ក្នុងការកំណត់សកម្មភាព នុយក្លេអ៊ែររបស់អ៊ីរ៉ង់ទេនោះ។
លោក Baghaei បានកត់សម្គាល់ថា រុស្ស៊ី និងចិននៅតែជាសមាជិក នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ និងកាន់ឥទ្ធិពលយ៉ាងសំខាន់ នៅក្នុងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ។
លោកបានបន្ថែមថា អ៊ីរ៉ង់មានការពិគ្រោះយោបល់ល្អ ជាមួយប្រទេសទាំងពីរ ទាក់ទងនឹងការដាក់ទណ្ឌកម្ម ដ៏មានសក្តានុពល ។ លោកបានសង្កត់ធ្ងន់ថា៖ភាពស្របច្បាប់ និងសមហេតុសមផល វាគ្មានហេតុផលសម្រាប់ការវិលវិញនៃទណ្ឌកម្មដែលត្រូវបានដកចេញក្រោម កិច្ចព្រមព្រៀង នុយក្លេអ៊ែរនោះទេ៕
ប្រែសម្រួល៖ស៊ុនលី
