ព័ត៌មានអន្តរជាតិ

កងកម្លាំងអាកាសឥណ្ឌា នឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅតាមព្រំដែនឥណ្ឌា-ប៉ាគីស្ថាន

RT News

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់ប្រភពផ្លូវការថា កងកម្លាំងអាកាសឥណ្ឌា (IAF) នឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកក្កដា នៅតាមព្រំដែនឥណ្ឌា-ប៉ាគីស្ថាន។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២កក្កដា។

យោងតាមសារព័ត៌មាន India Today បានឱ្យដឹងថា សមយុទ្ធនេះនឹងបំពាក់នូវកងយន្តហោះចម្បាំងសំខាន់ៗ ជាមួយនឹងយន្តហោះចម្បាំងជួរមុខ រួមមាន យន្តហោះចម្បាំង Sukhoi Su-30, យន្តហោះចម្បាំង Rafale និង យន្តហោះ Mirage 2000 ក៏ដូចជាប្រព័ន្ធការពារដែនអាកាស និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗផងដែរ ។ សមយុទ្ធដែលជាផ្នែកមួយនៃការហ្វឹកហ្វឺនត្រៀមលក្ខណៈប្រតិបត្តិការជាប្រចាំរបស់ កងកម្លាំងអាកាសឥណ្ឌា កើតឡើងពីរខែបន្ទាប់ពីការប្រឈមមុខដាក់គ្នារវាងយោធាឥណ្ឌា និងប៉ាគីស្ថាន។

មន្ត្រីម្នាក់បានប្រាប់ India Today ថា “សមយុទ្ធនេះគ្រោងនឹងធ្វើឡើងនៅ Rajasthan ក្បែរព្រំដែនអន្តរជាតិ ហើយជាផ្នែកមួយនៃសមយុទ្ធត្រៀមប្រតិបត្តិការជាប្រចាំរបស់កងទ័ពអាកាស” ។ “វាអាចស្ថិតនៅចន្លោះបញ្ជាការពីរ ឬបីរបស់កងកម្លាំងអាកាសឥណ្ឌា។ យើងបន្តចេញ NOTAM (សេចក្តីជូនដំណឹងដល់អាកាសយានិក) ក្នុងអំឡុងពេលសមយុទ្ធនេះ ដើម្បីរក្សាលំហអាកាសមិនឱ្យយន្តហោះស៊ីវិលណាមួយ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top