ព័ត៌មានអន្តរជាតិ

ថៃ ត្រៀម​ខ្លួន​ទទួល​រង​ ឥទ្ធិពល​ពី​ព្យុះ Wipha ខណៈ​អ្នក​ទេសចរ​ចិន ២ នាក់ ​បាន​ស្លាប់​ក្នុង ​អាកាសធាតុ​អាក្រក់

xinhua

បាងកក៖ នាយកដ្ឋានឧតុនិយម របស់ប្រទេសថៃ បានព្រមានពីផលប៉ះពាល់ដ៏ខ្លាំងក្លា ដែលបង្កឡើងដោយព្យុះត្រូពិច Wipha ចាប់ពីថ្ងៃអង្គារនេះ ខណៈដែលប្រទេសនេះ បានជួបប្រទះនឹងខ្យល់បក់បោកខ្លាំង ភ្លៀងធ្លាក់ និងទឹកសមុទ្រគ្រើម ដែលបានឆក់យកជីវិតអ្នកទេសចរ ចិនពីរនាក់រួចទៅហើយ។

នៅក្នុងការព្យាករណ៍ ដែលបានចេញផ្សាយ នៅព្រឹកថ្ងៃអង្គារនេះ នាយកដ្ឋាន ឧតុនិយមថៃ (TMD) បានណែនាំពីភ្លៀង ធ្លាក់ខ្លាំងដល់ខ្លាំង នៅតំបន់ភាគខាងជើង ឦសាន កណ្តាល និងភាគខាងកើត នៃប្រទេស ដែលអាចបណ្តាល ឱ្យមានទឹកជំនន់ភ្លាមៗ។

នាយកដ្ឋានក៏បានព្រមានផងដែរថា រលកនៅសមុទ្រ Andaman និងឈូងសមុទ្រថៃភាគខាងលើនឹងមានកម្លាំងខ្លាំង ដូច្នេះទូកតូចៗគួរតែនៅជាប់ច្រាំង។

ការព្យាករណ៍បានឲ្យដឹងថា “រយៈពេលនៃផលប៉ះពាល់ខ្លាំងបំផុត ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

ខេត្តដែលទាក់ទាញភ្ញៀវទេសចរភាគខាងត្បូង របស់ប្រទេសថៃគឺភូកេត និងក្រាប៊ី ស្ថិតក្នុងចំណោមខេត្តឆ្នេរសមុទ្រ Andaman ដែលវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង និងខ្យល់ព្យុះដែលបង្កឡើងដោយ Wipha ចាប់តាំងពីចុងសប្តាហ៍ ដែលបានឆក់យកជីវិតភ្ញៀវទេសចរចិនពីរនាក់ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top