ព័ត៌មានអន្តរជាតិ

ទូរទស្សន៍រុស្ស៊ី បញ្ចេញវីដេអូដ៏កម្រមួយ នៃរោងចក្រដំឡើងយន្តហោះគ្មានមនុស្សបើកធំបំផុត នៅលើពិភពលោក

RT News

បរទេស៖ ប៉ុស្តិ៍ទូរទស្សន៍រុស្ស៊ី Zvezda បានបង្ហាញវីដេអូដ៏កម្រមួយទៅលើអ្វីដែលខ្លួនពណ៌នាថា ជា “រោងចក្រដំឡើងយន្តហោះគ្មានមនុស្សបើកធំបំផុតនៅលើពិភពលោក” នៅភាគកណ្តាលនៃប្រទេស ដែលផលិតយន្តហោះគ្មានមនុស្សបើករាប់ពាន់គ្រឿងសម្រាប់ប្រើប្រាស់ក្នុងជម្លោះជាមួយអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា របាយការណ៍ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យបង្ហាញពីរោងចក្រផលិតយន្តហោះគ្មានមនុស្សបើកដ៏ធំនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Alabuga ក្នុងតំបន់ Tatarstan ដែលមានចម្ងាយជាង ១.២០០ គីឡូម៉ែត្រពីជួរមុខនៃតំបន់ដែលមានជម្លោះ។

រោងចក្រនេះផ្តោតលើការផលិតយន្តហោះគ្មានមនុស្សបើក Geran ដែលពិពណ៌នាដោយទូរទស្សន៍ Zvezda ថា  “សាមញ្ញ ថោក និង… ផលិតបានច្រើន” និងមានប្រសិទ្ធភាពខ្ពស់។ ខ្សែវីដេអូពីកន្លែងនេះបង្ហាញពីជួរយ៉ាងវែងរបស់យន្តហោះគ្មានមនុស្សបើក Geran ដែលមានកម្ពស់ខ្ពស់ជាងមនុស្សកម្ពស់មធ្យមបន្តិច។

Geran គឺអាចផ្ទុកបន្ទុកគ្រឿងផ្ទុះបានទំងន់ចាប់ពី ៤០គីឡូ ទៅ ៥០ គីឡូក្រាម មានល្បឿនប្រហែល ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចធ្វើដំណើរបានជាង ១.០០០ គីឡូម៉ែត្រក្នុងបេសកកម្មតែម្តង៕

ប្រែសម្រួលៈ ណៃ តុលា

To Top