ព័ត៌មានអន្តរជាតិ

ប្រទេសចំនួន ២៨ ថ្កោលទោសអ៊ីស្រាអែល ចំពោះការរងទុក្ខរបស់ជនស៊ីវិល នៅតំបន់ហ្គាហ្សា

RT News

ឡុងដ៍៖ ប្រទេសចំនួន ២៨ និងស្នងការសហភាពអឺរ៉ុបសម្រាប់សមភាព ការត្រៀមលក្ខណៈ និងការគ្រប់គ្រងវិបត្តិ បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃចន្ទ ដោយថ្កោលទោសអ៊ីស្រាអែលចំពោះការឈឺចាប់របស់ជនស៊ីវិលនៅតំបន់ហ្គាហ្សា។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ការរងទុក្ខរបស់ជនស៊ីវិលនៅតំបន់ហ្គាហ្សា បានឈានដល់ជម្រៅថ្មីហើយ។ យើងថ្កោលទោស ចំពោះការផ្តល់ជំនួយ និងការសម្លាប់ជនស៊ីវិលដោយអមនុស្សធម៌ វាគួរឱ្យរន្ធត់ណាស់ដែលជនជាតិប៉ាឡេស្ទីនជាង ៨០០នាក់ត្រូវបានសម្លាប់ខណៈពេលដែលកំពុងស្វែងរកជំនួយ”។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “ការបដិសេធរបស់រដ្ឋាភិបាលអ៊ីស្រាអែល ចំពោះជំនួយមនុស្សធម៌សំខាន់ៗដល់ប្រជាជនស៊ីវិល គឺមិនអាចទទួលយកបាននោះទេ។ អ៊ីស្រាអែល ត្រូវតែគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់មនុស្សធម៌អន្តរជាតិ” ដោយជំរុញឱ្យបញ្ចប់សង្រ្គាមនៅហ្គាហ្សាជាបន្ទាន់។

សេចក្តីថ្លែងការណ៍បានអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែល “លុបចោលជាបន្ទាន់នូវការរឹតបន្តឹងលើលំហូរនៃជំនួយ និងដើម្បីអនុញ្ញាតឱ្យអង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ធ្វើកិច្ចការសង្គ្រោះជីវិតរបស់ពួកគេប្រកបដោយសុវត្ថិភាព និងប្រកបដោយប្រសិទ្ធភាព”។

ចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសអង់គ្លេស បារាំង អ៊ីតាលី កាណាដា ជប៉ុន និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត សេចក្តីថ្លែងការណ៍នេះក៏ប្រឆាំងនឹងការប៉ុនប៉ងណាមួយ ដើម្បីកែប្រែទឹកដី ឬស្ថានភាពប្រជាសាស្រ្តនៃទឹកដីប៉ាឡេស្ទីន ដែលអ៊ីស្រាអែលកាន់កាប់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top