ស្របនឹងការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់ រវាងប្រទេសចិន និងប្រទេសចូលរួមគំនិតផ្តួចផ្តើម មួយនេះបាននិងកំពុងដំណើរ ការយ៉ាងរលូន និងប្រកបដោយផ្លែផ្កាជាហូរហែ «ផ្លូវសូត្រឌីជីថល» ដែលជារូបមន្តសហប្រតិបត្តិការថ្មី បានដើរតួនាទីសំខាន់ឡើងៗ សម្រាប់ជំរុញ ការតភ្ជាប់គ្នានៃសកលលោក ក្នុងយុគសម័យឌីជីថល ។

តើ«ផ្លូវសូត្រឌីជីថល » ជាអ្វី ? លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានឱ្យនិយមន័យថា ៖ ជំរុញការអភិវឌ្ឍតាមរយៈនវានុវត្តន៍ ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យឈានមុខ ដូចជាសេដ្ឋកិច្ចឌីជីថល , អ៊ីនធឺណិត , ទិន្នន័យធំ , បញ្ញាសិប្បនិម្មិត , បច្ចេកវិទ្យាណាណូ (Nano technology) និងបច្ចេកវិទ្យាកុំព្យូទ័រកង់ទិច (quantum computer) ជាដើម ដើម្បីតភ្ជាប់ជា«ផ្លូវសូត្រឌីជីថល»ក្នុងសតវត្សរ៍ទី ២១ ។
ការនាំចេញបច្ចេកវិទ្យាទូរគមនាគមន៍ ជាវិធានការដ៏សំខាន់មួយ ដែលប្រទេសចិនជំរុញការអភិវឌ្ឍនៃ«ផ្លូវសូត្រឌីជីថល» ។ ការកសាងបច្ចេកវិទ្យាប្រព័ន្ធ 5G បានក្លាយជា«នាមប័ណ្ណ» មួយរបស់ចិន ក្នុងការនាំចេញបច្ចេកវិទ្យាទូរគមនាគមន៍ ដែលបានរួមចំណែកដល់ការ អភិវឌ្ឍវិស័យទូរគមនាគមន៍ របស់ប្រទេសជាច្រើន ជាពិសេសប្រទេសអាស៊ាន ដែលជាអ្នកជិត ខាងរបស់ចិន ដែលប្រទេសមួយចំនួន បាននិងកំពុងចរចាជាមួយ ក្រុមហ៊ុនចិន ដើម្បីកសាងប្រព័ន្ធ 5G ឯប្រទេសមួយចំនួនទៀត បាននិងកំពុងដំណើរ ការគម្រោងកសាងប្រព័ន្ធ 5G ដែលបានជំរុញការលើកកម្ពស់ កម្រិតបច្ចេកវិទ្យាទូរគមនាគមន៍របស់ប្រទេសពាក់ព័ន្ធ ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការ ផ្នែកធុរកិច្ចអេឡិចត្រូនិកអន្តរជាតិ ។
ក្រៅពីប្រព័ន្ធ 5G ប្រទេសចិនក៏បានចូលរួមគម្រោងបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍របស់ប្រទេសជាច្រើនផងដែរ ដូចជាប៉ាគីស្ថាន , ឡាវ , អេមីរ៉ាតអារ៉ាប់រួម , ប្រេស៊ីល , នីហ្សេរីយ៉ាជាដើម ដែលបានជួយប្រទេសទាំងនេះ ឱ្យពង្រឹងសមត្ថភាពក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថល តាមរយៈប្រព័ន្ធទូរគមនាគមន៍ ដែលកាន់តែលឿននិងកាន់ តែមានអត្រាគ្របដណ្តប់ខ្ពស់ ។
តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃ «សន្និបាតអ៊ីនធឺណិតពិភពលោក» ប្រទេសចិនបានបង្កើតជាវេទិកាថ្មីៗ សម្រាប់បណ្តាប្រទេសនានាចូលរួម ពិគ្រោះពិភាក្សារកដំណោះស្រាយ ផ្នែកសន្តិសុខសាយប័រ និងជំរុញកិច្ចសហប្រតិបត្តិការ ផ្នែកធុរកិច្ចអេឡិចត្រូនិក ។ គិតមកទល់បច្ចុប្បន្ន ប្រទេសចិនមានដៃគូ «ផ្លូវសូត្រធុរកិច្ចអេឡិចត្រូនិក» ចំនួន ៣៥ ប្រទេស ។ ប្រទេសចិនបានចែករំលែកបទពិសោធផ្នែកធុរកិច្ចអេឡិចត្រូនិក ជាពិសេសការលក់ទំនិញ តាមអនឡាញជាមួយប្រទេស ជាដៃគូដោយអញ្ជើញពាណិជ្ជករ នៃប្រទេសពាក់ព័ន្ធឱ្យចូលរួម ការបណ្តុះបណ្តាលផ្ទាល់ នៅក្នុងប្រទេសចិន ។
តាមស្ថិតិក្នុងឆ្នាំ ២០២៤ ការលក់រាយតាមអនឡាញ របស់ប្រទេសចិនមានទំហំជាង ២ ទ្រីលានដុល្លាអាមេរិក ដែលជាទីផ្សារលក់រាយ តាមអនឡាញធំបំផុតលើពិភពលោករយៈពេល ១២ ឆ្នាំជាប់ៗគ្នា ។ ផ្អែកលើកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ចអេឡិចត្រូនិក ប្រទេសចិនបាននាំចូលទំនិញពីបរទេសច្រើនឡើងៗ ដែលមិនត្រឹមតែបំពេញតម្រូវការចម្រុះនៃការប្រើប្រាស់ក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បានចែករំលែកផលលាភនៃទីផ្សារនៃការប្រើប្រាស់របស់ចិនជាមួយពិភពលោកផងដែរ ។
ដោយឡែក បញ្ញាសិប្បនិម្មិតឬប្រព័ន្ធ AI ដែលមានភាពលេចធ្លោខ្លាំង ក្នុង យុគសម័យឌីជីថល បានក្លាយជាតួអង្គសំខាន់ នៃការធ្វើបរិវត្តកម្មឌីជីថល របស់ចិននិងពិភពលោក ។ តាមរបាយការណ៍ របស់អង្គការ កម្មសិទ្ធិបញ្ញាពិភពលោកប្រចាំឆ្នាំ ២០២៤ ឱ្យដឹងថា ប្រទេសចិនបានក្លាយជាប្រទេស ដែលផ្តល់ប្រកាសនីយបត្រតក្កកម្មផ្នែកបញ្ញាសិប្បនិមិ្មតធំ ជាងគេលើពិភពលោក ដែលត្រូវជាចំនួន ៦០% នៃពិភពលោក ។ ក្រោមអនុសាសន៍ណែនាំរបស់លោក ស៊ី ជីនភីង ស្តីពីការពង្រឹងអភិបាលកិច្ចនិងកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកប្រព័ន្ធ AI ដើម្បីធានាឱ្យប្រព័ន្ធ AI អភិវឌ្ឍតាមផ្លូវ ត្រឹមត្រូវនិង ផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិទាំងមូល ប្រទេសចិន បានធ្វើកិច្ចសហប្រតិបត្តិការប្រព័ន្ធ AI អន្តរជាតិដោយផ្តោត សំខាន់លើវិស័យអប់រំ សុខាភិបាល និងការថែទាំមនុស្សវ័យ ចំណាស់ជាដើម ដែលសុទ្ធសឹងជាគម្រោង ទាក់ទងផ្ទាល់ជាមួយនឹង ជីវភាពរស់នៅរបស់ប្រជាជន ។
ផ្តើមចេញពីផ្លូវសូត្របុរាណ ដែលផ្អែកលើសត្វអូដ្ឋ ជាមធ្យោបាយ ដឹកជញ្ជូនសម្រាប់ការ ធ្វើពាណិជ្ជកម្មអន្តរជាតិតាមផ្លូវគោក ដល់ការដឹកជញ្ជូន តាមយន្តហោះនិងរថភ្លើង ដែលធ្វើឱ្យពាណិជ្ជកម្មអន្តរជាតិកាន់តែមានភាពងាយស្រួលនិងរលូន រហូតដល់ការបង្កើតឡើងនូវ «ផ្លូវសូត្រឌីជីថល» ដែលតភ្ជាប់គ្នា តាមច្រកឌីជីថល គំនិតផ្តួចផ្តើម និង ការអនុវត្តជាក់ស្តែង របស់ប្រទេសចិនបានរួមចំណែក មិនអាចខ្វះបានសម្រាប់ការតភ្ជាប់គ្នា នៃពិភពលោក ពិសេសនឹងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ទាំងឡាយក្នុងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីដើរទាន់ជំហាននៃការវិវឌ្ឍ នៃយុគសម័យដែលមិនត្រូវបាន «បោះបង់» ដោយសារគម្លាតខាងបច្ចេកវិទ្យាឌីជីថល ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន
