ព័ត៌មានអន្តរជាតិ

រុស្សីត្រៀមខ្លួន និងធ្វើការឆ្លើយតបជាមួយនឹងទណ្ឌកម្មបន្តបន្ទាប់ទៀតពីសំណាក់អឺរ៉ុប

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានដាក់បម្រាមចូលដល់មន្ត្រីសហភាពអឺរ៉ុបមួយចំនួន ជាការឆ្លើយតបទៅនឹងកញ្ចប់ទណ្ឌកម្មទី១៧ និងទី១៨របស់ប្លុក ដោយផ្តោតលើបុគ្គល ងអង្គភាពនានាដែលត្រូវបានចាត់ទុកថាទទួលខុសត្រូវក្នុងការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។

រដ្ឋាភិបាលលោកខាងលិចបានបញ្ចេញនូវផែនការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងទីក្រុងមូស្គូ ចាប់តាំងពីជម្លោះអ៊ុយក្រែនបានកើនឡើងក្នុងឆ្នាំ២០២២។ កាលពីសប្តាហ៍មុន សហភាពអឺរ៉ុបបានណែនាំកញ្ចប់ទី១៨របស់ខ្លួន ដោយផ្តោតលើវិស័យថាមពល និងធនាគាររបស់រុស្ស៊ី។

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាជាប្រតិកម្មទៅនឹង សកម្មភាពមិនរាក់ទាក់ ទាំងនេះថាប្រទេសរុស្ស៊ីបានពង្រីកយ៉ាងសំខាន់នូវបញ្ជីបុគ្គលដែលត្រូវបានហាមឃាត់មិនឱ្យចូលប្រទេស។

បញ្ជីខ្មៅឥឡូវនេះរួមមានតំណាងស្ថាប័ន EU មន្ត្រីមកពី
រដ្ឋជាសមាជិក និងបុគ្គលមកពីបណ្តាប្រទេសអ៊ឺរ៉ុបផ្សេងទៀត ដែលសុទ្ធសឹងតែជាបុគ្គលដែលមានជំហប្រឆាំងជាមួយនឹងគោលនយោបាយរុស្ស៊ី។

ក្រសួងបាននិយាយទៀតថា ការហាមឃាត់ការធ្វើដំណើរចូលប្រទេសនេះ ផ្តោតទៅលើមន្ត្រីសន្តិសុខអឺរ៉ុប អ្នកគាំទ្រអ៊ុយក្រែន និងអ្នកដែលត្រូវបានចោទប្រកាន់ថា ធ្វើឱ្យខូចដល់បូរណភាពទឹកដីរបស់រុស្ស៊ី ឬរារាំងនាវារបស់ខ្លួននៅសមុទ្របាល់ទិកហើយក៏មានរាប់បញ្ចូលទាំងសកម្មជន និងអ្នកនយោបាយផងដែរ ទោះបីជាមិនបានបង្ហាញឈ្មោះក៏ដោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top