ព័ត៌មានអន្តរជាតិ

បេក្ខភាព ឯកអគ្គរដ្ឋទូត អាមេរិក ប្រចាំប្រទេសថៃ រិះគន់ថៃ ថា ការប៉ះទង្គិចព្រំដែនថ្មីៗនេះ ជាមួយកម្ពុជា មិនបានជួយអ្វី ដល់ប្រជាជនថៃ ឬជួយដល់សម្ព័ន្ធភាព ជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ

បរទេស ៖ អ្នកដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសថៃ របស់ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងប្រាប់ទីក្រុងបាងកក ជម្លោះដូចជា ការប៉ះទង្គិចព្រំដែនថ្មីៗនេះរបស់ថៃជាមួយកម្ពុជា មិនបានជួយអ្វីដល់ប្រជាជនថៃ ឬនាំរឿងល្អដល់សម្ព័ន្ធភាព របស់ប្រទេសថៃ ជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Sean O’Neill ជាមន្ត្រីបម្រើការ បរទេស ដែលធ្លាប់បម្រើការពីរដង ពីមុនជាអ្នកការទូត ក្នុងប្រទេសថៃ បានធ្វើអត្ថាធិប្បាយ នៅក្នុងសវនាការបញ្ជាក់ របស់ព្រឹទ្ធសភា នៅពេលសួរ អំពីការប៉ះទង្គិចគ្នា រយៈពេលប្រាំថ្ងៃ រវាងប្រទេសថៃ និងកម្ពុជា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៣ នាក់ និងជនភៀសខ្លួនជាង ៣០ម៉ឺននាក់។

មេដឹកនាំថៃ និងកម្ពុជាបានជួបប្រជុំគ្នានៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃចន្ទ ហើយបានព្រមព្រៀងបទឈប់បាញ់ ដើម្បីបញ្ឈប់ជម្លោះដ៏ខ្លាំងក្លាបំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ។ កិច្ចព្រមព្រៀងនោះបានកើតឡើង បន្ទាប់ពីលោក ត្រាំ បានព្រមានមេដឹកនាំថៃ និងកម្ពុជា កាលពីចុងសប្តាហ៍ថា ការចរចាពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក នឹងមិនឈានទៅមុខនោះទេ ប្រសិនបើការប្រយុទ្ធគ្នានៅតែបន្ត។

នៅពេលសួរថាតើគាត់នឹងធ្វើអ្វីដើម្បីធានាថា បទឈប់បាញ់ក្លាយជាកិច្ចព្រមព្រៀង សន្តិភាពរយៈពេលវែង លោក O’Neill បាននិយាយថា ៖ «ខ្ញុំគិតថារឿងដំបូង ដែលខ្ញុំនឹងធ្វើគឺចង្អុលទៅប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាតែមួយគត់របស់យើងនៅអាស៊ីថា សង្រ្គាមបែបនេះ ជម្លោះបែបនេះ គឺមិនបានជួយអ្វី ដល់ប្រជាជនរបស់គេនោះទេ។

លោកបន្តថា «ពួកគេមិនធ្វើអ្វីដើម្បីពង្រឹងសម្ព័ន្ធភាព របស់យើងនោះទេ ពួកគេមិនធ្វើអ្វី ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលប្រទេសទាំងពីរប្រឈមមុខនោះទេ ៕

To Top