ព័ត៌មានអន្តរជាតិ

ឥណ្ឌា បដិសេធការកត់សម្គាល់របស់អាមេរិក និងអឺរ៉ុប លើការនាំចូលប្រេងពីរុស្ស៊ី

CNN

ញូវដែលី៖ ប្រទេសឥណ្ឌា បានជំទាស់នឹងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលកំណត់គោលដៅលើការនាំចូលប្រេងពីរុស្ស៊ី ដោយអះអាងថាវាមិនសមហេតុផល និងបានព្រមានថា ទីក្រុងញូវដេលី នឹងចាត់វិធានការចាំបាច់ថែមទៀត នេះបើយោងតាការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ អ្នកនាំពាក្យរបស់ក្រសួងការបរទេសឥណ្ឌាលោក Randhir Jaiswal បានឲ្យដឹងថា ការនាំចូលថាមពលរបស់ឥណ្ឌាពីប្រទេសរុស្ស៊ី គឺមានសារៈសំខាន់ក្នុងការធានាតម្លៃប្រេងឥន្ធនៈដែលអាចទទួលយកបាន និងអាចព្យាករណ៍បានសម្រាប់អ្នកប្រើប្រាស់ឥណ្ឌា។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធយ៉ាងសន្ធឹកសន្ធាប់លើប្រទេសឥណ្ឌា សម្រាប់ការទិញនិងលក់ប្រេងរុស្ស៊ី។ អ្នកនាំពាក្យរូបនេះបានឲយដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “បណ្តាប្រទេស ដែលរិះគន់ឥណ្ឌា គឺខ្លួនគេធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី។ មិនដូចករណីរបស់យើងទេ ពាណិជ្ជកម្មបែបនេះមិនមែន ជាការបង្ខិតបង្ខំជាតិដ៏សំខាន់នោះទេ”

លោកបានបញ្ជាក់បន្ថែមទៀតថា ការសម្រេចចិត្តរបស់ឥណ្ឌាក្នុងការទិញប្រេងរុស្ស៊ីបញ្ចុះតម្លៃបានធ្វើឡើងបន្ទាប់ពីមានការផ្ទុះឡើងនៃជម្លោះអ៊ុយក្រែន ដែលនាំឱ្យក្រុមហ៊ុនផ្គត់ផ្គង់ថាមពលប្រពៃណី បង្វែរការនាំចេញរបស់ពួកគេទៅកាន់អឺរ៉ុប។ លោក Jaiswal បានបន្ថែមថា “នៅពេលនោះ សហរដ្ឋអាមេរិក ថែមទាំងបានលើកទឹកចិត្តដល់ការទិញរបស់ឥណ្ឌា ដែលជាមធ្យោបាយមួយ ដើម្បីរក្សាស្ថិរភាពទីផ្សារថាមពលពិភពលោក” ។

ដោយគូសបញ្ជាក់បន្ថែមអំពី ភាពខុសគ្នារវាងពាណិជ្ជកម្មរបស់ឥណ្ឌា និងសហភាពអឺរ៉ុបជាមួយរុស្ស៊ី អ្នកនាំពាក្យបានឲ្យដឹងថា “សហភាពអឺរ៉ុបក្នុងឆ្នាំ ២០២៤ មានពាណិជ្ជកម្មទ្វេភាគីចំនួន ៦៧.៥ ពាន់លានអឺរ៉ូលើទំនិញជាមួយរុស្ស៊ី។ លើសពីនេះ វាមានពាណិជ្ជកម្មលើសេវាកម្មប៉ាន់ស្មានចំនួន ១៧.២ ពាន់លានអឺរ៉ូនៅឆ្នាំ ២០២៣ ដែលនេះគឺច្រើនជាងការជួញដូរ សរុបរបស់ឥណ្ឌាជាមួយរុស្ស៊ីក្នុងឆ្នាំនោះ ឬបន្ទាប់បន្សំ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top