ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងម៉ាឡេស៊ី អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង រួមរបស់រដ្ឋមូស្លីម ប្រឆាំងនឹងឧក្រិដ្ឋកម្ម របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា

xinhua

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានលើកឡើងពីភាពចាំបាច់ ដើម្បីបញ្ឈប់ “ឧក្រិដ្ឋកម្ម” របស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា តាមរយៈកិច្ចសហប្រតិបត្តិការ ក្នុងចំណោមរដ្ឋមូស្លីម នេះបើយោងតាមសេចក្តីថ្លែងការណ៍ ចេញផ្សាយដោយការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។

មេដឹកនាំទាំងពីរបានពិភាក្សា អំពីការអភិវឌ្ឍន៍ក្នុងតំបន់ចុងក្រោយបង្អស់ និងទំនាក់ទំនងទ្វេភាគី នៅក្នុងការសន្ទនាតាមទូរស័ព្ទ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក Pezeshkian បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងចំណោមរដ្ឋមូស្លីម ដើម្បីទប់ស្កាត់ការបន្តនៃគ្រោះមហន្តរាយមនុស្សធម៌ នៅក្នុងតំបន់ហ្គាហ្សាដោយសង្កត់ធ្ងន់ថា គ្រោះមហន្តរាយនៅតំបន់ហ្គាហ្សា ដែលបណ្តាលមកពីសកម្មភាពរបស់អ៊ីស្រាអែល គឺមិនអាចទទួលយកបាននោះទេ ។

លោកបានសម្តែងក្តីសង្ឃឹមថា រដ្ឋមូស្លីម តាមរយៈទំនាក់ទំនងការទូត និងសម្ពាធការទូតសកម្មរបស់ពួកគេ នឹងការពារការបន្តនៃ “ឧក្រិដ្ឋកម្ម” របស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា។

ដោយផ្លាស់ប្តូរទៅទំនាក់ទំនងទ្វេភាគី លោកបានអំពាវនាវឱ្យមានការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងអន្តរកម្មរវាងអ៊ីរ៉ង់ និងម៉ាឡេស៊ី លើគ្រប់វិស័យដែលមានផលប្រយោជន៍រួម ។

ដោយឡែកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្កោលទោស “ឧក្រិដ្ឋកម្ម” របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ដោយកត់សម្គាល់ថា រដ្ឋាភិបាលម៉ាឡេស៊ី បានចេញសេចក្តីថ្លែងការណ៍ខ្លាំងប្រឆាំងនឹង “ឧក្រិដ្ឋកម្ម” របស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា៕
ប្រែសម្រួល  ឈូក បូរ៉ា

To Top