លោក Trump និយាយថា កំពុងរៀបចំជំនួប រវាងលោក Zelenskyy និង លោក Putin ដើម្បីពិភាក្សាអំពីសង្គ្រាមរុស្ស៊ី – អ៊ុយក្រែន

បរទេស៖ . ប្រធានាធិបតីអាមេរិកលោក Donald Trump និយាយថា លោកបានទូរស័ព្ទ ទៅប្រធានាធិបតីរុស្ស៊ី Vladimir Putin ហើយចាប់ផ្តើមរៀបចំជំនួបរវាងលោក Putin និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់សង្រ្គាម របស់រុស្ស៊ីលើអ៊ុយក្រែន។ លោក Trump បាននិយាយថា ទីតាំងនៃកិច្ចប្រជុំនឹង ត្រូវបានកំណត់នៅពេលក្រោយ ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ថា លោក Trump, លោក Zelenskyy និងមេដឹកនាំអឺរ៉ុបបានជួបប្រជុំគ្នា នៅសេតវិមាននៅថ្ងៃច័ន្ទ សម្រាប់ការជួបប្រជុំគ្នាយ៉ាងប្រញាប់ប្រញាល់ នៃកិច្ចចរចាពហុភាគីដែលបានកើតឡើងបន្ទាប់ពី លោក Trump បានជួបជាមួយលោក Putin កាលពីថ្ងៃទី ១៥ ខែសីហា ដោយមិនមានវត្តមានមេដឹកនាំផ្សេង ។ មេដឹកនាំនយោបាយអឺរ៉ុប បានចូលរួមការពិភាក្សា ខណៈដែលពួកគេស្វែង រកមធ្យោបាយការពារអ៊ុយក្រែន និងទ្វីបពីការឈ្លានពាន ណាមួយពីទីក្រុងម៉ូស្គូ។
ចំណែក លោក Zelenskyy និយាយថា ប្រសិនបើគាត់ចាប់ផ្តើមកំណត់លក្ខខណ្ឌសម្រាប់កិច្ចប្រជុំ ទាក់ទងនឹងបទឈប់បាញ់ដែលមានសក្តានុពល ឬបញ្ហាផ្សេងទៀតនោះ រុស្ស៊ីក៏នឹងចង់កំណត់លក្ខខណ្ឌផងដែរ ដែលអាចបង្កគ្រោះថ្នាក់ដល់កិច្ចពិភាក្សាទាំងនោះ។
គាត់បានប្រាប់អ្នកយកព័ត៌មានថា “នោះហើយជាមូលហេតុដែលខ្ញុំជឿថា យើងត្រូវតែជួបដោយគ្មានលក្ខខណ្ឌ” ។
លោក Zelenskyy បាននិយាយថា លោក Trump បានបង្ហាញគាត់នូវផែនទី នៃជួរមុខអ៊ុយក្រែន នៅក្នុងការិយាល័យ Oval ហើយពួកគេបានចូល ទៅក្នុងការជជែកវែកញែក តិចតួចអំពីទឹកដីដែលបានបង្ហាញ៕
ប្រែសម្រួលៈ ណៃ តុលា
