ព័ត៌មានអន្តរជាតិ

ជប៉ុន ដាក់ពង្រាយយន្តហោះដ្រូដ៏ធំមួយ នៅលើប្រជុំកោះសេនកាគូ ចំពេលមានការឈ្លានពានរបស់នាវាចិន

kyodo

តូក្យូ៖ ប្រភពដែលស្គាល់ពីទំនាក់ទំនងទ្វេភាគីបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកឆ្មាំឆ្នេរសមុទ្រដ៏ធំមួយ ដែលមានឈ្មោះថា SeaGuardian ដើម្បីត្រួតពិនិត្យ ប្រជុំកោះសេនកាគូ ក្នុងសមុទ្រចិនខាងកើត ចំពេលមានការលុកលុយម្តងហើយ ម្តងទៀត ចូលទៅក្នុងដែនទឹកក្បែរនោះដោយនាវាចិន ។

ការប្រើប្រាស់យន្តហោះ MQ-9B SeaGuardian ដែលជាយន្តហោះសាកល្បងពីចម្ងាយផលិត ដោយសហរដ្ឋអាមេរិក បំពាក់ដោយរ៉ាដាទំនើបបំផុត ត្រូវបានគេរំពឹងថា នឹងជួយពង្រឹងសន្តិសុខ នៅក្នុងដែនទឹករបស់ប្រទេសជប៉ុន ចេញពីប្រជុំកោះ ដែលគ្មានមនុស្សរស់នៅ ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល ៤,៧៤០ គីឡូម៉ែត្រការ៉េ ។

នាវាឆ្មាំសមុទ្ររបស់ចិន តែងតែធ្វើដំណើរទៅជិតប្រជុំកោះសេនកាគូ ដែលគ្រប់គ្រងដោយប្រទេសជប៉ុន ប៉ុន្តែត្រូវបានទាមទារដោយប្រទេសចិន ដែលហៅថាកោះ ដាយូ ។ ពួកគេត្រូវបានគេប្រទះឃើញក្នុងរយៈពេល ៣៥៥ ថ្ងៃក្នុងឆ្នាំ ២០២៤ ដែលជាកំណត់ត្រាខ្ពស់បំផុតចាប់តាំងពីរដ្ឋាភិបាលជប៉ុន បានដាក់កូនកោះនេះ ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋក្នុងឆ្នាំ ២០១២។

ប្រតិបត្តិការរបស់យន្តហោះគ្មានមនុស្សបើកនេះ ទំនងជាចង់បង្ហាញពីការតាំងចិត្តរបស់ជប៉ុន ក្នុងការមិនអត់ធ្មត់ចំពោះការប៉ុនប៉ងឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពដោយកម្លាំងនៅសមុទ្រចិនខាងកើត។ ប្រភពបានឲ្យដឹងថា SeaGuardian បានហោះហើរពីលើប្រជុំកោះសេនកាគូ ជាច្រើនដងចាប់តាំងពីខែមេសា ដោយបានឃ្លាំមើលនាវាឆ្មាំឆ្នេរសមុទ្ររបស់ចិន និងចាប់យករូបភាព។

យោងតាមប្រភពបានឱ្យដឹងថា វាអាចមានភារកិច្ចចេញការព្រមានពីលើអាកាសដល់កប៉ាល់ចិន មិនឱ្យចូលដែនទឹករបស់ជប៉ុន។ ឆ្មាំឆ្នេរសមុទ្រជប៉ុន មិនបានបង្ហាញពីប្រតិបត្តិការគ្មានមនុស្សបើកនៅជុំវិញប្រជុំកោះសេនកាគូ នោះទេ។

SeaGuardian មានប្រវែងប្រហែល ១២ ម៉ែត្រដែលមានស្លាបប្រវែង ២៤ ម៉ែត្រត្រូវបានដឹកនាំដោយអ្នកបើកយន្តហោះនៅមជ្ឈមណ្ឌលប្រតិបត្តិការដី។ រូបភាព និងទិន្នន័យផ្សេងទៀតដែលប្រមូលបានដោយយន្ហដោះដ្រូន ត្រូវបានត្រួតពិនិត្យដោយមន្ត្រីឆ្មាំឆ្នេរសមុទ្រ ដែលចេញសេចក្តីណែនាំផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top