ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក និងអ៊ុយក្រែន សង្ឃឹមថា នឹងមានកិច្ចប្រជុំ ៣ ផ្លូវជាមួយលោក ពូទីន ដើម្បីបញ្ចប់សង្រ្គាម

kyodo

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្តែងក្តីសង្ឃឹមថាលោក និងប្រធានាធិបតីអ៊ុយក្រែនលោក វ្លាឌីមៀ ហ្សេឡិនស្គី នឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាីមៀ ពូទីន ក្នុងពេលឆាប់ៗនេះ ក្នុងគោលបំណងបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

លោក ដូណាល់ ត្រាំ ដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំជាមួយលោក ហ្សេឡិនស្គី ក្នុងទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងចូលរួមក្នុងការផ្តល់ការការពារ និងសន្តិសុខ សម្រាប់អ៊ុយក្រែនជាមួយបណ្តាប្រទេសអឺរ៉ុប ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានវាយប្រហារ ខណៈពេលដែលមានការបដិសេធមិនបន្តបទឈប់បាញ់។

យោងតាមការបង្ហោះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់លោកបានឲ្យដឹងថា នៅចុងបញ្ចប់នៃកិច្ចប្រជុំរបស់លោក ជាមួយលោក ហ្សេឡីនស្គី និងមេដឹកនាំអឺរ៉ុបមួយក្រុម រួមទាំងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer និងប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង លោក ត្រាំ បានទូរស័ព្ទទៅលោក ពូទីន ដើម្បីផ្តួចផ្តើមការចរចាបីផ្លូវក្នុងគោលបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

ប្រធានាធិបតីអាមេរិករូបនេះ សរសេរសារនៅលើវេទិកា Truth Social របស់លោកថា លោកបានចាប់ផ្តើមរៀបចំកិច្ចពិភាក្សានៅទីតាំងដែលត្រូវកំណត់រវាងលោក ពូទីន និងលោក ហ្សេឡីនស្គី។ កិច្ចប្រជុំនោះអាចនឹងត្រូវបន្តដោយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការប្រជុំមួយផ្សេងទៀត។

លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ប្រសិនបើរូបលោក និងលោក ហ្សេឡិនស្គី អាចជួបជាមួយលោក ពូទីន ជាមួយគ្នា ពោលគឺជាកិច្ចប្រជុំកំពូល ៣ផ្លូវ “វានឹងមានឱកាសសមហេតុផលក្នុងការបញ្ចប់សង្គ្រាម” ។ លោកបានបន្ថែមថា ក្នុងរយៈពេលដែលមិនយូរប៉ុន្មានពីឥឡូវនេះ អាចនិយាយបានថា ចន្លោះពីមួយសប្តាហ៍ ឬពីរសប្តាហ៍ យើងនឹងដឹងថាតើយើងនឹងដោះស្រាយបញ្ហានេះ ឬអត់។

លោក ហ្សេឡិនស្គី ដែលពាក់អាវពណ៌ខ្មៅជំនួសឱ្យសម្លៀកបំពាក់យោធាធម្មតារបស់លោកបានឲ្យដឹងថា លោក ត្រៀមខ្លួនជាស្រេចដើម្បីជួបជាមួយលោក ពូទីន ដោយផ្ទាល់ដោយគ្មានលក្ខខណ្ឌណាមួយ ហើយបានសម្តែងការគាំទ្រ ចំពោះការខិតខំប្រឹងប្រែងរបស់លោក ដូណាល់ ត្រាំ ក្នុងការស្វែងរកដំណោះស្រាយការទូត ដើម្បីបញ្ចប់ជម្លោះនេះ។

គួរបញ្ជាក់ថា ការហៅទូរស័ព្ទរបស់លោក ត្រាំ ជាមួយលោក ពូទីន មានរយៈពេលប្រហែល ៤០ នាទី ហើយទីប្រឹក្សាកិច្ចការបរទេសរបស់លោក ពូទីន គឺលោកស្រី Yuri Ushakov បានឲ្យដឹងថា នឹងមានការចរចាផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្ដែមិនទាន់មានការលម្អិតណាមួយពាក់ព័ន្ធនឹងកាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចប្រជុំនេះនៅឡើយទេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top