អេហ្ស៊ីប ជំរុញឱ្យមានការគាប សង្កត់លើអ៊ីស្រាអែល ឱ្យទទួលយកសំណើបទ ឈប់បាញ់នៅតំបន់ហ្គាហ្សា

គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានជំរុញសហគមន៍អន្តរជាតិ ឱ្យដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យទទួលយកសំណើបទឈប់បាញ់ ចុងក្រោយនៅតំបន់ហ្គាហ្សា ដោយបញ្ជាក់ថា ខ្លួននឹងជួយសម្រាលវិបត្តិមនុស្សធម៌ នៅតំបន់ហ្គាហ្សា។
លោក Abdelatty បានធ្វើការកត់សម្គាល់ ក្នុងអំឡុង ពេលពិភាក្សា តាមទូរស័ព្ទដាច់ដោយឡែក ជាមួយរដ្ឋមន្ត្រី ការបរទេស អង់គ្លេសលោក David Lammy រដ្ឋមន្ត្រីការបរទេស ទួកគីលោក Hakan Fidan ប្រធានគោល នយោបាយការបរទេសសហភាពអឺរ៉ុបលោកស្រី Kaja Kallas និងអនុប្រធានាធិបតីប៉ាឡេស្ទីនលោក Hussein al-Sheikh ស្តីពីបញ្ហាប៉ាឡេស្ទីន នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសអេហ្ស៊ីប។
លោក Abdelatty បានពិនិត្យឡើងវិញ នូវកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដែលធ្វើឡើងដោយអេហ្ស៊ីប ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយកាតា និងសហរដ្ឋអាមេរិក ដើម្បីឈានដល់បទឈប់បាញ់ សម្រួលដល់ការចូល នៃជំនួយមនុស្សធម៌ និងធានាបាននូវការដោះលែងចំណាប់ខ្មាំង និងអ្នកទោសមួយចំនួន។
លោកក៏បានថ្លែងសុន្ទរកថា អំពីការត្រៀមរៀបចំដែលកំពុងបន្ត សម្រាប់សន្និសីទអន្តរជាតិមួយស្តីពីការស្តារឡើងវិញ និងការកសាងឡើងវិញឆាប់បំផុតរបស់ហ្គាហ្សា ដែលនឹងត្រូវបានរៀបចំឡើងភ្លាមៗ នៅពេលដែលកិច្ចព្រមព្រៀង បទឈប់បាញ់ត្រូវបានឈានដល់ ។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ក្រុមមន្ត្រីបានបញ្ជាក់ពីការគាំទ្រ យ៉ាងពេញទំហឹងរបស់ពួកគេ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអេហ្ស៊ីប និងតួនាទីរបស់ខ្លួនក្នុងការពង្រឹងសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់៕
