លោក ដូណាល់ ត្រាំ បញ្ជាក់ថាទីក្រុង ឈីកាហ្គោ អាចជាទីក្រុងបន្ទាប់ សម្រាប់ការបង្ក្រាបឧក្រិដ្ឋកម្មសហព័ន្ធ បន្ទាប់ពីវ៉ាស៊ីនតោន ឌីស៊ី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ទីក្រុងឈីកាហ្គោ អាចជាទីក្រុងបន្ទាប់ ដែលរដ្ឋាភិបាលសហព័ន្ធ កំណត់គោលដៅ ក្នុងការបង្រ្កាបឧក្រិដ្ឋកម្មរបស់ខ្លួន បន្ទាប់ពីសកម្មភាពជាច្រើនថ្ងៃ នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯការិយាល័យ Oval លោក ដូណាល់ ត្រាំ បានឲ្យដឹងថា រដ្ឋធានីកំពុងក្លាយជា “កន្លែងដែលមានសុវត្ថិភាពបំផុត មួយនៅលើផែនដី” ដោយកត់សម្គាល់ថា រដ្ឋបាលរបស់លោក នឹងទៅកាន់ទីក្រុងផ្សេងទៀត ដើម្បីដោះស្រាយឧក្រិដ្ឋកម្មនៅពេលក្រោយ។
នៅពេលដែល ត្រាំ បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន នៅសេតវិមានកាលពីថ្ងៃទី១១ខែសីហាថា លោកកំពុងដាក់ពង្រាយឆ្មាំជាតិ ដើម្បីជួយក្នុងការស្តារច្បាប់ និងសណ្តាប់ធ្នាប់និងសុវត្ថិភាពសាធារណៈនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ក្នុងនោះលៅក ក៏បានលើកឡើងពីទីក្រុង Chicago, Los Angeles, New York, Baltimore និង Oakland ជាទីក្រុងដែលមានបញ្ហា និងទីក្រុងដែលដឹកនាំដោយប្រជាធិបតេយ្យទាំងអស់។
ប្រធានាធិបតីអាមេរិករូបនេះ បានទៅសួរសុខទុក្ខមន្ត្រីអនុវត្តច្បាប់ និងកងទ័ពឆ្មាំជាតិនៅភាគអាគ្នេយ៍នៃរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបន្តការប្តេជ្ញារបស់លោក ក្នុងការបើកការបង្ក្រាបឧក្រិដ្ឋកម្មស្រដៀងគ្នានៅក្នុងទីក្រុងផ្សេងទៀត។
កាសែត CNN បានដកស្រង់សម្តីមន្ត្រីការពារជាតិអាមេរិក បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិ Pete Hegseth បានបញ្ជាឱ្យសមាជិកឆ្មាំជាតិ ដែលដើរល្បាតតាមដងផ្លូវ នៃទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ឱ្យចាប់ផ្តើមកាន់អាវុធបម្រើរបស់ពួកគេ៕
ប្រែសម្រួល ឈូក បូរ៉ា
