FBI វាយឆ្មក់ចូលផ្ទះ និងការិយាល័យរបស់លោក John Bolton ដែលជាអតីតទីប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតីអាមេរិក Donald Trump

បរទេស ៖ បណ្តាញព័ត៌មានជាច្រើនបានរាយការណ៍កាលពីថ្ងៃសុក្រថា FBI បានវាយឆ្មក់ចូលផ្ទះ និងការិយាល័យរបស់លោក John Bolton ដែលជាអ្នកនយោបាយការបរទេសដ៏ល្បីល្បាញ និងជាអតីតទីប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតីអាមេរិក Donald Trump ។ កាសែត New York Post ដែលបានទម្លាយព័ត៌មានជាលើកដំបូងបាននិយាយថា ការស្វែងរកគឺជាផ្នែកមួយ នៃការស៊ើបអង្កេតដ៏ធំមួយ ក្នុងការដោះស្រាយឯកសារ សម្ងាត់របស់ជាតិ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Bolton ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ចំពោះការតស៊ូមតិអំពីការផ្លាស់ប្តូរ របបជាឧបករណ៍គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក បានបម្រើការក្រោមការដឹកនាំរបស់លោក Trump អស់រយៈពេល ១៨ ខែក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump មុនពេលត្រូវបានបណ្តេញចេញពីតំណែងក្នុងខែកញ្ញា ឆ្នាំ ២០១៩ ។ ក្រោយមក Trump បានហៅលោក John Bolton ថាជា “មនុស្សឆ្កួត” “អ្នកចាញ់” និង “មនុស្សខ្វះការគិត” ហើយបានពណ៌នាការជួលគាត់ថាជា “កំហុសដ៏ធំបំផុតរបស់” ។
លោក Trump បាននិយាយថា លោកមិនបានដឹងអ្វីអំពីការវាយឆ្មក់នេះនោះទេ ហើយបានត្រឹមតែដឹងពីព័ត៌មានតាមទូរទស្សន៍ប៉ុណ្ណោះ។
របាយការណ៍បាននិយាយថា ភ្នាក់ងារ FBI បានឆែកឆេរផ្ទះរបស់លោក Bolton នៅ Bethesda រដ្ឋ Maryland និងការិយាល័យរបស់គាត់នៅ Washington, DC នៅព្រឹកថ្ងៃសុក្រ។ វីដេអូដែលផ្សព្វផ្សាយតាមអ៊ីនធឺណិតបានបង្ហាញពីភ្នាក់ងារនៅក្នុងអ្វីដែលមើលទៅដូចជាទីធ្លាខាងមុខរបស់គាត់ និងនៅខាងក្រៅការិយាល័យរបស់គាត់ ដោយផ្ទុករបស់របរចូលទៅក្នុងរថយន្ត។ លោក Bolton ត្រូវបានគេរាយការណ៍ថា ឃើញនៅក្នុងបន្ទប់ទទួលភ្ញៀវការិយាល័យរបស់គាត់និយាយជាមួយបុគ្គលពីរនាក់ដែលពាក់អាវកាក់ FBI៕
ប្រែសម្រួលៈ ណៃ តុលា
