រុស្ស៊ី បញ្ជាក់ថា មិនមានគម្រោង នៃកិច្ចប្រជុំកំពូល រវាងលោក ពូទីន និងលោក ហ្សេឡនស្គី នៅឡេីយទេ

មូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា មិនមានគម្រោងជួបប្រជុំគ្នា រវាងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី នោះទេ។
លោក Lavrov បានប្រាប់សារព័ត៌មានអាមេរិក NBC ថា “លោក ពូទីន បានត្រៀមខ្លួនជាស្រេច ដើម្បីជួបជាមួយលោក ហ្សេឡិនស្គី នៅពេលដែលរបៀបវារៈនឹងរួចរាល់ សម្រាប់កិច្ចប្រជុំកំពូល ហើយរបៀបវារៈនេះមិនទាន់រួចរាល់នៅឡើយទេ” ។
លោក Lavrov បានលេីកឡេីងថា រុស្ស៊ីបានយល់ព្រមបង្ហាញ ភាពបត់បែនលើបញ្ហាជាច្រើន ដែលបានលើកឡើងដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោក ជាមួយលោក ពូទីន នៅរដ្ឋ Alaska កាលពីសប្តាហ៍មុន ប៉ុន្តែបានស្នើថា អ៊ុយក្រែនបានរារាំងរបៀបវារៈនៃកិច្ចប្រជុំនេះ។
កាលពីយប់ថ្ងៃច័ន្ទ លោក ត្រាំ បានឧ្យដឹង នៅក្នុងការបង្ហោះនៅលើវេទិកា Truth Social ថាលោកបានទូរស័ព្ទទៅលោក ពូទីន ហើយបានចាប់ផ្តើម រៀបចំកិច្ចប្រជុំទ្វេភាគីរវាងលោក ពូទីន និងលោក ហ្សេឡិនស្គី ជាមួយនឹងទីតាំងដែលត្រូវកំណត់។
លោក ត្រាំ បានបន្ថែមថា បន្ទាប់ពីកិច្ចប្រជុំរវាងលោក ពូទីន និងលោក ហ្សេឡិនស្គី កិច្ចប្រជុំត្រីភាគីដែលពាក់ព័ន្ធនឹងមេដឹកនាំសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន នឹងប្រព្រឹត្តទៅបន្ដទៀត។
លោក Lavrov បានគូសបញ្ជាក់ថា កន្លងមក រុស្ស៊ីមិនច្រានចោលទម្រង់ណាមួយឡើយ ទាំងទ្វេភាគី ឬត្រីភាគី លើការដោះស្រាយជម្លោះនៅអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា
