នាយករដ្ឋមន្ត្រីកាណាដា ប្រកាសជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន

អូតាវ៉ា៖ យោងតាមការចេញផ្សាយព័ត៌មាន ដែលចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្រ្តីកាណាដាបានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney បានប្រកាសនៅក្នុងរដ្ឋធានីគៀវ របស់អ៊ុយក្រែនជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន។
ការផ្តល់មូលនិធិចំនួន ២ពាន់លានដុល្លារកាណាដា (១.៤៥ ពាន់លានដុល្លារអាមេរិក) ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូល G7 ខែមិថុនា ដែលធ្វើឡើងនៅទីក្រុង Kananaskis ប្រទេសកាណាដា។
ការចេញផ្សាយបានឲ្យដឹងថា ទឹកប្រាក់ប្រហែល ៨៣៥លានដុល្លារកាណាដា (៦០៣ លានដុល្លារ) នៃចំនួនសរុបត្រូវបានគេគ្រោងនឹងទិញឧបករណ៍សំខាន់ៗជាច្រើន សម្រាប់អ៊ុយក្រែន រួមទាំងរថពាសដែក បរិក្ខារពេទ្យ គ្រឿងបន្លាស់ អាវុធធុនតូច គ្រាប់រំសេវ និងគ្រឿងផ្ទុះ ក៏ដូចជាសមត្ថភាពបន្ថែមរបស់យន្តហោះគ្មានមនុស្សបើក និងឧបករណ៍ និងការផ្គត់ផ្គង់ដែលត្រូវការជាបន្ទាន់ផ្សេងទៀតសម្រាប់អ៊ុយក្រែន។
ការចេញផ្សាយបានឲ្យដឹងថា ទឹកប្រាក់ប្រហែល ៦៨៩ លានដុល្លារកាណាដា (៤៩១ លានដុល្លារ) គឺសម្រាប់ទិញសម្ភារៈយោធា ដែលមានប្រភពពីសហរដ្ឋអាមេរិក ដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន និងផ្តល់ជំនួយយោធាដែលត្រូវការជាបន្ទាន់ផ្សេងទៀត។
ប្រភពបានឲ្យដឹងថាប្រហែល ២២០ លានដុល្លារកាណាដា (១៥៩ លានដុល្លារ) នឹងត្រូវបានប្រើដើម្បីទិញយន្តហោះគ្មានមនុស្សបើក ប្រឆាំងយន្តហោះគ្មានមនុស្សបើក និងសមត្ថភាពសង្គ្រាមអេឡិចត្រូនិក រួមទាំងការវិនិយោគក្នុងការបណ្តាក់ទុនរួមគ្នារវាងឧស្សាហកម្មអ៊ុយក្រែន និងកាណាដា៕
ប្រែសម្រួល ឈូក បូរ៉ា
