អាមេរិក និងកូរ៉េខាងត្បូង ព្រមព្រៀងគ្នាធ្វើការ ឆ្ពោះទៅរកសន្តិភាព ជាមួយកូរ៉េខាងជើង

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទថា ភាគីទាំងពីរនឹងធ្វើការឆ្ពោះទៅរកសន្តិភាព ជាមួយប្រទេសកូរ៉េខាងជើង ដោយលោក ត្រាំ បានឧ្យដឹងថា លោកចង់ជួបជាមួយមេដឹកនាំប្រទេសលោក គីម ជុងអ៊ុន នៅដើមឆ្នាំក្រោយនេះ ។
នៅក្នុងកិច្ចពិភាក្សាផ្ទាល់ លើកដំបូងរបស់ពួកគេ លោក Lee ដែលបានចូលកាន់តំណែងកាលពីខែមិថុនា បានសរសើរលោក ត្រាំ ថាជាអ្នកបង្កើតសន្តិភាព ពិភពលោក និងជាអ្នកដឹកនាំដែលនាំមកនូវ “ការកែច្នៃឡើងវិញ” នៅក្នុងការផលិតរបស់អាមេរិក។ លោកបានលេីកឡេីងថា កូរ៉េខាងត្បូង ចង់ក្លាយជាផ្នែកមួយនៃការខិតខំរបស់លោក ត្រាំ។
ដោយបង្ហាញពីក្តីសង្ឃឹមសម្រាប់កិច្ចប្រជុំរវាងលោក ត្រាំ និង លោក គីម ជុងអ៊ុន លោក Lee បានប្រាប់ប្រធានាធិបតីអាមេរិក នៅសេតវិមានថាលោក គឺជាមនុស្សតែម្នាក់គត់ ដែលអាចដឹកនាំនៅក្នុង “យុគសម័យថ្មី នៃសន្តិភាព” នៅលើឧបទ្វីបកូរ៉េ ដែលបែកបាក់។
ជាការឆ្លើយតបលោក ត្រាំ បានឧ្យដឹងថា “ខ្ញុំនឹងធ្វើវា ហើយយើងនឹងមានការពិភាក្សា។ លោកចង់ជួបជាមួយខ្ញុំ” ដោយសំដៅទៅលើមេដឹកនាំកូរ៉េខាងជើង ដោយបន្ថែមថា “ខ្ញុំយល់ស្របជាមួយលោក ខ្ញុំគិតថាលោកមានប្រទេសដែលមានសក្តានុពល និងសក្តានុពលដ៏អស្ចារ្យ” ។
នៅលើពេលវេលា នៃកិច្ចប្រជុំដ៏មានសក្តានុពលជាមួយលោក គីម លោក ត្រាំ បានឧ្យដឹងថា លោកទន្ទឹងរង់ចាំកិច្ចប្រជុំកំពូលមួយ “នៅពេលអនាគត ដ៏សមស្រប” ។ ពេលអ្នកសារព័ត៌មានសង្កត់ធ្ងន់ថា តើវាអាចកើតឡើងក្នុងឆ្នាំនេះ ឬឆ្នាំក្រោយឬយ៉ាងណានោះ លោកបានឧ្យដឹងថា “ខ្ញុំជួបមនុស្សច្រើនណាស់ ខ្ញុំចង់និយាយថា វាពិបាកណាស់ ប៉ុន្តែខ្ញុំចង់ជួបគាត់នៅឆ្នាំក្រោយនេះ”៕
ប្រែសម្រួល ឈូក បូរ៉ា
