ព័ត៌មានអន្តរជាតិ

​ អ៊ីស្រាអែល​ វាយ​ប្រហារ​មន្ទីរពេទ្យ​ហ្គាហ្សា​  ២លេីកដោយ​សម្លាប់​មនុស្ស​យ៉ាង​តិច​ ​២០​នាក់​ រួម​ទាំង​ក្រុមអ្នក​កាសែត និង​អ្នក​ជួយ​សង្គ្រោះ

ហ្គាហ្សា៖​ អ៊ីស្រាអែល​ បានបេីកការវាយប្រហារ មន្ទីរពេទ្យសំខាន់មួយក្នុងតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃចន្ទ​ ហើយបន្ទាប់មកបានវាយលុក កន្លែងនោះម្តងទៀត​ ខណៈដែលអ្នកកាសែត​ និងអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ ទៅកន្លែងកើតហេតុដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់និងរបួសជាច្រើននាក់ទៀត ។

វាស្ថិតក្នុងចំណោមការវាយប្រហារ ដ៏សាហាវបំផុតរបស់អ៊ីស្រាអែល ដែលបានវាយប្រហារទាំងមន្ទីរពេទ្យ និងអ្នកកាសែត ក្នុងអំឡុងពេល នៃសង្រ្គាមរយៈពេល ២២ខែ ។ ការវាយប្រហារនេះបានកើតឡើង នៅពេលដែលអ៊ីស្រាអែល គ្រោងនឹងពង្រីកការវាយលុករបស់ខ្លួន ទៅកាន់តំបន់ដែលមានប្រជាជនច្រើន ដោយប្តេជ្ញាថានឹងបំផ្លាញក្រុមហាម៉ាស់​ បន្ទាប់ពីការវាយប្រហាររបស់ខ្លួនកាលពីថ្ងៃទី០៧​ ខែតុលា ឆ្នាំ២០២៣។

ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​មាន​អ្នក​កាសែត​៥​នាក់​ក្នុង​នោះ​មាន​លោកស្រី Mariam Dagga អាយុ​៣៣​ឆ្នាំ ជា​អ្នក​កាសែត​ដែល​ធ្វើ​ការ​ឱ្យ​សារព័ត៌មាន The Associated Press ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានឧ្យដឹងថា អ្នកយកព័ត៌មានរបស់ខ្លួនម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដំបូង ខណៈដែលរូបគេបានធ្វើការ រាយការណ៍តាមទូរទស្សន៍នៅជាន់ខាងលើនៃមន្ទីរពេទ្យ’Nasser ទីក្រុងខាន់យូនីស។

ផ្ទាំងពាណិជ្ជកម្ម

អ្នកកាសែតផ្សេងទៀត រួមទាំង លោកស្រី​ Dagga និងអ្នកជួយសង្គ្រោះដែលពាក់អាវសង្គ្រោះបន្ទាន់ពណ៌ទឹកក្រូច បន្ទាប់មកបានរត់ឡើងជណ្តើរ ខាងក្រៅដើម្បីទៅដល់កន្លែង ប៉ុន្តែត្រូវរងការវាយប្រហារលើកទីពីរ។

វីដេអូដែលថតពីខាងក្រោមដោយប៉ុស្តិ៍ Al Ghad របស់អារ៉ាប់​ បានបង្ហាញពីពេលវេលាចុងក្រោយរបស់ពួកគេ នៅពេលពួកគេឡើងជណ្តើរឆ្លងកាត់ជញ្ជាំង​ ដែលរងការខូចខាត បន្ទាប់មកមានការផ្ទុះឡើង និងផ្សែងហុយចេញពីកន្លែងវាយប្រហារ។

ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក​ បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ បានហៅការវាយប្រហារនេះថាជា សោកនាដកម្មដ៏សោកសៅមួយ ហើយបានលេីកឡេីងថា យោធាកំពុងស៊ើបអង្កេត​  យ៉ាងណាមិញលោក​មិន​បាន​បញ្ជាក់​លម្អិត​ពី​លក្ខណៈ​នៃ​កំហុស​នោះ​ទេ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top