ប្រៃសណីយ៍អូស្ត្រាលី ផ្អាកសេវាកម្មដឹកជញ្ជូនទំនិញភាគច្រើនដល់សហរដ្ឋអាមេរិក ដើម្បីឆ្លើយតបនឹងពន្ធគយ

កង់បេរ៉ា៖ សេវាប្រៃសណីយ៍របស់ប្រទេសអូស្ត្រាលីបានឧ្យដឹងថាខ្លួនបានផ្អាកភ្លាមៗនូវសេវាកម្មប្រៃសណីយ៍ដឹកជញ្ជូនភាគច្រើនទៅកាន់សហរដ្ឋអាមេរិកមុនពេលពន្ធនាំចូលថ្មីចូលជាធរមាន។
ប្រៃសណីយ៍អូស្ត្រាលី បានប្រកាសនៅព្រឹកថ្ងៃអង្គារនេះថា អាជីវកម្មអូស្ត្រាលី ដែលលក់ផលិតផលទៅឱ្យអតិថិជនអាមេរិក នឹងត្រូវបានរារាំងពីការប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូន ដែលគ្រប់គ្រងដោយរដ្ឋាភិបាល សម្រាប់ការដឹកជញ្ជូន ដែលមានប្រសិទ្ធភាពភ្លាមៗ។
ការសម្រេចចិត្តនេះត្រូវបានប្រកាសមុនពេលពន្ធរបស់សហរដ្ឋអាមេរិក ចូលជាធរមាននៅថ្ងៃសុក្រ ហើយធ្វើឱ្យប្រៃសណីយ៍អូស្ត្រាលីស្របតាមសេវាកម្មប្រៃសណីយ៍ជុំវិញពិភពលោកដែលបានបញ្ឈប់ការដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក។
Australia Post បានឧ្យដឹងថា ខ្លួននឹងបន្តដឹកជញ្ជូនសំបុត្រ និងឯកសារទៅកាន់សហរដ្ឋអាមេរិក ក៏ដូចជាកញ្ចប់ដែលត្រូវបានប្រកាសថាជាអំណោយ និងមានតម្លៃតិចជាង ១០០ដុល្លារអាមេរិក។
លោក Gary Starr អគ្គនាយកប្រតិបត្តិនៃសេវាកម្មដឹកជញ្ជូន ប្រៃសណីយ៍ និងពាណិជ្ជកម្មអេឡិចត្រូនិកនៅ Australia Post បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តត្រូវបានធ្វើឡើង ដើម្បីធានាបាននូវការអនុលោមតាមតម្រូវការគយ និងការការពារព្រំដែនថ្មីរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
