គុយបា ថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការដាក់ពង្រាយយោធា នៅតំបន់ការ៉ាប៊ីន
ហាវ៉ាណា៖ ប្រទេសគុយបា បានថ្កោលទោសការដាក់ពង្រាយយោធា របស់សហរដ្ឋអាមេរិកនៅក្នុងសមុទ្រការ៉ាប៊ីន ក្រោមលេសនៃការប្រយុទ្ធប្រឆាំងនឹង ការជួញដូរគ្រឿងញៀននៅក្នុងតំបន់។
ក្រសួងការបរទេសគុយបាបានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទង្វើដ៏គ្រោះថ្នាក់នេះតំណាងឱ្យការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងការបង្ហាញកម្លាំង ដែលបំផ្លាញអធិបតេយ្យភាព និងការប្តេជ្ញាចិត្តដោយខ្លួនឯងរបស់ ប្រជាជននៅអាមេរិកឡាទីន និងតំបន់ការាបៀន” ។
ប្រទេសគុយបា បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថាវេណេហ្ស៊ុយអេឡា ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ដោយហៅការចោទប្រកាន់នេះថា “ជាលេសមិនសមហេតុផល និងគ្មានមូលដ្ឋាន” សម្រាប់ការបញ្ជូនកងទ័ពទៅកាន់តំបន់។

ប្រភពបានបន្ថែមថាសហរដ្ឋអាមេរិក គឺជា “ទីផ្សារដ៏ធំបំផុត សម្រាប់គ្រឿងញៀននៅក្នុងតំបន់ និងអាចនៅក្នុងពិភពលោក” ដោយលើកឡើងពីរបាយការណ៍ គ្រឿងញៀនពិភពលោកឆ្នាំ២០២៥ របស់អង្គការសហប្រជាជាតិ។
ក្រសួងបានបន្ដថា “គុយបាបញ្ជាក់ឡើងវិញនូវ ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ចំពោះការប្រយុទ្ធប្រឆាំងនឹង ការជួញដូរគ្រឿងញៀនខុសច្បាប់ និងប្រកបដោយប្រសិទ្ធភាព ការការពារអធិបតេយ្យភាពជាតិ និងការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅអាមេរិកឡាទីន និងតំបន់ការាបៀន”។
សហរដ្ឋអាមេរិក បានចាប់ផ្តើមដាក់ពង្រាយនាវាចម្បាំង និងបុគ្គលិកយោធានៅក្នុងដែនទឹកអាមេរិកឡាទីន និងការាបៀនកាលពីដើមខែនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនក្នុងតំបន់ នេះបើយោងតាមមន្ត្រីការពារជាតិអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
