ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន សម្តែងការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់អាមេរិក ជុំវិញការមិនផ្តល់ទិដ្ឋាការសម្រាប់មន្ត្រីប៉ាឡេស្ទីន


រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានសម្តែង “ការសោកស្តាយនិងការភ្ញាក់ផ្អើលយ៉ាងខ្លាំង” ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក មិនផ្តល់ទិដ្ឋាការដល់គណៈប្រតិភូប៉ាឡេស្ទីនសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិនាពេលខាងមុខ។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានាធិបតីប៉ាឡេស្ទីន “បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះមានភាពផ្ទុយគ្នាយ៉ាងច្បាស់ទៅនឹងច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទីស្នាក់ការអង្គការសហប្រជាជាតិ ជាពិសេសចាប់តាំងពីរដ្ឋប៉ាឡេស្ទីនជាសមាជិកអ្នកសង្កេតការណ៍របស់អង្គការសហប្រជាជាតិ”។

ប្រភពបានឲ្យដឹងថា “លោកបានអំពាវនាវឱ្យរដ្ឋបាលសហរដ្ឋអាមេរិកពិចារណាឡើងវិញ និងច្រានចោលការសម្រេចចិត្តរបស់ខ្លួន ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តពេញលេញរបស់ប៉ាឡេស្ទីន ចំពោះច្បាប់អន្តរជាតិ ដំណោះស្រាយរបស់អង្គការសហប្រជាជាតិ និងកាតព្វកិច្ចចំពោះសន្តិភាព”។

ផ្ទាំងពាណិជ្ជកម្ម

កាលពីថ្ងៃសុក្រផងដែរ អនុប្រធានាធិបតីប៉ាឡេស្ទីន Hussein al-Sheikh បានអំពាវនាវឱ្យសហរដ្ឋអាមេរិក “ពិចារណាឡើងវិញ” និងច្រានចោលការសម្រេចចិត្តរបស់ខ្លួន។

លោកបានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ការសម្រេចចិត្តនេះ គឺប្រឆាំងនឹងច្បាប់អន្តរជាតិ និងច្បាប់របស់ទីស្នាក់ការកណ្តាល”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top