លោក ស៊ី ជីនពីង ៖ SCO មានទំនួលខុសត្រូវខ្ពស់ជាងមុន ក្នុងការការពារសន្តិភាព ជំរុញការអភិវឌ្ឍន៍ក្នុងពិភពលោក ជាមួយនឹងភាពមិនច្បាស់លាស់

TIANJIN៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា អង្គការសហប្រតិបត្តិការសៀងហៃ (SCO) កំពុងផ្តល់ការទទួលខុសត្រូវ កាន់តែខ្លាំងសម្រាប់ការការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងសម្រាប់ការជំរុញការអភិវឌ្ឍ នៃប្រទេសផ្សេងៗនៅក្នុងពិភពនៃភាពមិនប្រាកដប្រជា និងការបង្កើនល្បឿននៃការផ្លាស់ប្តូរ ។
លោកប្រធានាធិបតី បានធ្វើការកត់សម្គាល់នៅក្នុងពិធីជប់លៀងមួយ ដើម្បីស្វាគមន៍ភ្ញៀវអន្តរជាតិដែលស្ថិតនៅក្នុងទីក្រុងកំពង់ផែ Tianjin របស់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូល SCO ឆ្នាំ២០២៥ ពីថ្ងៃអាទិត្យដល់ថ្ងៃច័ន្ទ។
លោកបានសម្តែងនូវទំនុកចិត្តថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងអស់ កិច្ចប្រជុំកំពូលនឹង ទទួលបានជោគជ័យពេញលេញ ហើយ SCO ប្រាកដណាស់ថា នឹងដើរតួនាទីកាន់តែធំ និងសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀត រួមចំណែកកាន់តែច្រើន ក្នុងការជំរុញការរួបរួម និងកិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋ ជាសមាជិក ពង្រឹងកម្លាំងនៃសកលលោកខាងត្បូង និងជំរុញឱ្យមានការរីកចម្រើនបន្ថែមទៀត នៃអរិយធម៌មនុស្សជាតិ ៕
ប្រែសម្រួល ឈូក បូរ៉ា
