ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ជំរុញឱ្យអាមេរិក ពិចារណាឡើងវិញ នូវការហាមឃាត់ទិដ្ឋាការ លើមន្ត្រីប៉ាឡេស្ទីន

RT News

អូស្លូ៖  រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុង Copenhagen កាលពីថ្ងៃសៅរ៍ ហើយពួកគេបានជំរុញជាឯកច្ឆ័ន្ទឱ្យសហរដ្ឋអាមេរិ កពិចារណាឡើងវិញ នូវការសម្រេចចិត្តថ្មីៗ របស់ខ្លួនក្នុងការបដិសេធទិដ្ឋាការ ចូលរបស់មន្ត្រីប៉ាឡេស្ទីន ។

ក្រសួងការបរទេស សហរដ្ឋអាមេរិកបានឲ្យដឹងកាលពីថ្ងៃសុក្រសប្ដាហ៍មុននៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុង “បដិសេធ និងដកហូតទិដ្ឋាការ ពីសមាជិកនៃអង្គការរំដោះប៉ាឡេស្ទីន (PLO) និងអាជ្ញាធរប៉ាឡេស្ទីន (PA) មុនពេលមហាសន្និបាតអង្គការសហប្រជាជាតិ នាពេលខាងមុខ” ។

កិច្ចប្រជុំក៏បានពិភាក្សាអំពីស្ថានភាពមនុស្សធម៌ ដែលកាន់តែអាក្រក់ទៅៗនៅតំបន់ហ្គាហ្សា ប៉ុន្តែអ្នកចូលរួមមានការបែកបាក់គ្នាយ៉ាងខ្លាំងថា តើត្រូវដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹង អ៊ីស្រាអែលដែរឬទេ។

ប្រធានគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បានប្រាប់សន្និសីទសារព័ត៌មានថា ខណៈដែលរដ្ឋសមាជិក យល់ស្របយ៉ាង ទូលំទូលាយលើភាពធ្ងន់ធ្ងរនៃស្ថានការណ៍នោះ ការឯកភាពគ្នាមិនត្រូវបានឈាន ដល់លើវិធានការជាក់ស្តែងនោះទេ។

រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក Lars Lokke Rasmussen ដែលជាប្រធានកិច្ចប្រជុំបានឲ្យដឹងថា ការកើនឡើងនៃចំនួនរដ្ឋសមាជិកជឿថា អ៊ីស្រាអែលទំនងជាមិនផ្លាស់ប្តូរផ្លូវ ដោយគ្មានសម្ពាធខ្លាំងជាងនេះទេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top