បែលហ្ស៊ិក បន្ថែមសម្ពាធអន្តរជាតិ លើអ៊ីស្រាអែល បន្ទាប់ពីប្រកាសថា នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

បរទេស ៖ ប្រទេសបែលហ្ស៊ិកនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ , នេះបើតាមរដ្ឋមន្ត្រីការបរទេស Maxime Prevot បាននិយាយនៅថ្ងៃអង្គារ ដោយនេះបានបន្ថែមសម្ពាធអន្តរជាតិ លើអ៊ីស្រាអែល បន្ទាប់ពីមានវិធានការស្រដៀងគ្នាដោយអូស្ត្រាលី អង់គ្លេស កាណាដា និងបារាំង ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រោមការរិះគន់ ជាសកលសម្រាប់សង្គ្រាមរបស់ខ្លួន នៅតំបន់ហ្គាហ្សា អ៊ីស្រាអែលបានខឹងសម្បារ ចំពោះការសន្យា ទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីន នៅក្នុងកិច្ចប្រជុំកំពូល មួយក្នុងអំឡុងពេលព្រឹត្តិការណ៍អង្គការ សហប្រជាជាតិក្នុងខែនេះ។
លោក Prevot បាននិយាយនៅក្នុងការបង្ហោះនៅលើ X ថា ប្រទេសបែលហ្ស៊ិកនឹងចូលរួមជាប្រទេសហត្ថលេខីនៃសេចក្តីប្រកាសញូវយ៉ក ដោយត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយរដ្ឋពីរ ឬរដ្ឋប៉ាឡេស្ទីនដែលរួមរស់ក្នុងសន្តិភាពជាមួយអ៊ីស្រាអែល។
លោក Prevot បន្ថែមថា ការសម្រេចចិត្តនេះកើតឡើង “ដោយគិតពីសោកនាដកម្មមនុស្សធម៌ដែលកើតឡើងនៅប៉ាឡេស្ទីន ជាពិសេសនៅតំបន់ហ្គាហ្សា និងជាការឆ្លើយតបទៅនឹងអំពើហឹង្សាដែលប្រព្រឹត្តដោយអ៊ីស្រាអែល រំលោភលើច្បាប់អន្តរជាតិ” ៕
ប្រែសម្រួលៈ ណៃ តុលា
