សហភាពអឺរ៉ុប នឹងបន្តអនុវត្តច្បាប់ឌីជីថល ទោះបីជាមានការរិះគន់ពីសហរដ្ឋអាមេរិក

ប្រ៊ុចសែល៖ សហភាពអឺរ៉ុប នឹងបន្តអនុវត្តច្បាប់ឌីជីថលរបស់ខ្លួន បើទោះបីជាមានការរិះគន់ពីសហរដ្ឋអាមេរិកក៏ដោយ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបបានឲ្យដឹង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធលើប្រទេសនានា ដែលដាក់បទប្បញ្ញត្តិបែបនេះ។
លោកស្រី Henna Virkkunen អនុប្រធានប្រតិបត្តិនៃគណៈកម្មាធិការអឺរ៉ុប បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប (DSA) និងច្បាប់ទីផ្សារឌីជីថល (DMA) គឺជា “ច្បាប់អធិបតេយ្យភាព” ដែលអនុវត្ត ចំពោះវេទិកាអនឡាញទាំងអស់ដែលកំពុងប្រតិបត្តិការនៅក្នុងប្លុក។
លោកស្រីបានលើកឡើងថា “DSA និង DMA គឺជាច្បាប់អធិបតេយ្យភាពរបស់យើង” ដោយសង្កត់ធ្ងន់ថា ច្បាប់គឺមិនរើសអើង និងអនុវត្តស្មើៗគ្នាចំពោះក្រុមហ៊ុនទាំងអស់ដែលផ្តល់សេវាកម្មនៅក្នុងសហភាពអឺរ៉ុប។
លោក ដូណាល់ ត្រាំ បានព្រមាននៅថ្ងៃអង្គារនេះថាសហរដ្ឋអាមេរិកនឹងដាក់ “ពន្ធបន្ថែមយ៉ាងច្រើន” និងការរឹតបន្តឹងលើការនាំចេញលើប្រទេស ដែលទទួលយកពន្ធឌីជីថល ឬបទប្បញ្ញត្តិដែលផ្តោតលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
