បណ្ដាមេដឹកនាំសហភាពអឺរ៉ុប និងស្លូវេនី អំពាវនាវឱ្យមានបទឈប់បាញ់ និងសន្តិភាពនៅតំបន់ហ្គាហ្សា

ស្លូវេនី៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa, ប្រធានាធិបតីស្លូវេនីលោកស្រី Natasa Pirc Musar និងរដ្ឋមន្ត្រីការបរទេសស្លូវេនីលោកស្រី Tanja Fajon កាលពីថ្ងៃចន្ទបានជំរុញឱ្យមានសន្តិភាពនៅតំបន់ហ្គាហ្សា ក្នុងអំឡុងពេលវេទិកាយុទ្ធសាស្រ្ដ Bled ដែលជាការប្រមូលផ្តុំគោលនយោបាយការបរទេសដ៏លេចធ្លោបំផុតរបស់ប្រទេសស្លូវេនី។
លោកស្រី Fajon ដែលបានបើកវេទិការយៈពេលពីរថ្ងៃនៅក្នុងរមណីយដ្ឋាន Alpine នៃវេទិកា Bled បានឲ្យដឹងថា បទឈប់បាញ់នៅហ្គាហ្សា គឺ “បន្ទាន់” ដោយសង្កត់ធ្ងន់ថា ចំណាប់ខ្មាំងត្រូវតែត្រូវបានដោះលែង ហើយជំនួយមនុស្សធម៌ត្រូវតែត្រូវបានអនុញ្ញាតឱ្យបញ្ជូនចូល។
លោក Costa បានគូសបញ្ជាក់ថា ខណៈពេលដែលអ៊ីស្រាអែល មានសិទ្ធិការពារខ្លួន នេះមិនអាចបង្ហាញអំពីភាពត្រឹមត្រូវនៃ “ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ឬការដាក់ទណ្ឌកម្មរួមនៃប្រជាជនទាំងមូល” នោះទេ។
លោកបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងប្រកបដោយនិរន្តរភាព ការចូលប្រើប្រាស់មនុស្សធម៌គ្មានការរារាំង ការបញ្ឈប់សកម្មភាពតាំងទីលំនៅខុសច្បាប់ និងការប្តេជ្ញាចិត្តជាអន្តរជាតិជាថ្មីចំពោះដំណោះស្រាយរដ្ឋពីរ។
លោកស្រី Musar បានកត់សម្គាល់ថា “តាមរយៈការដោះស្រាយជាមួយហ្គាហ្សា យើងបង្ហាញឱ្យឃើញថាតើយើងជានរណា? ការដោះស្រាយបញ្ហាតំបប់ហ្គាហ្សារបស់យើង ឆ្លុះបញ្ចាំងពីការយល់ដឹងអំពីមនុស្សជាតិរបស់យើង” ។
លោកស្រី Fajon បានឲ្យដឹងផងដែរថា ស្ថានការណ៍នៅហ្គាហ្សាគឺ “ហួសពីការស្មានជារៀងរាល់ថ្ងៃ” ដោយសារតែ “ការទម្លាក់គ្រាប់បែកឥតឈប់ឈរ និងការអត់ឃ្លានដោយចេតនា” ដោយបញ្ជាក់ម្តងទៀតថាសន្តិភាពទាមទារយុត្តិធម៌ ហើយថា “ដំណោះស្រាយរដ្ឋពីរដែលអាចសម្រេចបាន គឺជាផ្លូវតែមួយគត់ឆ្ពោះទៅមុខ”៕
ប្រែសម្រួល ឈូក បូរ៉ា
