លោក Erdogan បញ្ជាក់អះអាងថាជំនួបរវាងលោក Putin និង Zelensky នៅមិនទាន់អាចទៅរួចនោះទេ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក Vladimir Zelenksy របស់អ៊ុយក្រែន មិនទាន់បានឯកភាពគ្នាក្នុងជំនួបកំពូលនៅឡើយទេ នេះបើតាមប្រធានាធិបតីតួគី Recep Tayyip Erdogan បាននិយាយអះអាង។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងដំណើរត្រឡប់ពីកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងប្រទេសចិនកាលពីថ្ងៃចន្ទ លោក Erdogan បាននិយាយថា លោកបានពិភាក្សាអំពីជម្លោះអ៊ុយក្រែនជាមួយសមភាគីរុស្ស៊ីនៅទីក្រុងធានជីន។
លោក Erdogan បាននិយាយទៀតថា៖យើងមានបំណងលើកកម្ពស់ការចរចាទាំងនេះជាបណ្តើរៗ តាមឧត្ដមគតិនៅកម្រិតថ្នាក់ដឹកនាំ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ គាត់បានវិនិច្ឆ័យដោយការសន្ទនាតាមទូរស័ព្ទថ្មីៗរបស់គាត់ និងការសន្ទនាផ្ទាល់ជាមួយ Zelensky និង Putin ថាអ្នកទាំងពីរខណៈពេលដែលមានទំនោរវិជ្ជមានប៉ុន្តែជាក់ស្តែងគឺមិនទាន់រួចរាល់ដើម្បីជួបនៅឡើយទេ។
ប្រទេសតូគីធ្លាប់ជាអ្នកតស៊ូមតិជុំវិញការសន្ទនាផ្តោតលើសន្តិភាពនិងរក្សាទំនាក់ទំនងជាមួយភាគីជម្លោះទាំងពីរជាយូរមកហើយ។ ប្រទេសតួគីកន្លងមកធ្លាប់បានជួយសម្រេចបាននូវ លទ្ធផលជាក់ស្តែងដូចជាច្រករបៀងគ្រាប់ធញ្ញជាតិ និងការដោះដូរអ្នកទោសក្នុងអំឡុងពេលកិច្ចចរចានៅអ៊ីស្តង់ប៊ុលមុនៗផងដែរ។
រំលឹកដែរថាកាលពីខែឧសភា ក្រុងគៀវបានយល់ព្រមបន្តកិច្ចពិភាក្សាដោយផ្ទាល់ជាមួយទីក្រុងមូស្គូ បន្ទាប់ពីការលើកទឹកចិត្តពីរដ្ឋបាល Trump ដែលជាដំណើរការមួយដែលវាត្រូវបានបោះបង់ចោលជាឯកតោភាគីក្នុងឆ្នាំ២០២២ហើយ ការពិភាក្សាជាច្រើនលើកចាប់តាំងពីពេលនោះមក មានការដោះដូរអ្នកទោស និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានដែលបានស្លាប់ផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី
