ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ គ្រោងនឹងបញ្ជូនឆ្មាំជាតិ ទៅកាន់ទីក្រុងឈីកាហ្គោ ទោះបីជាមានការប្រឆាំង

xinhua

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងបញ្ជូនឆ្មាំជាតិទៅបង្រ្កាបឧក្រិដ្ឋកម្មនៅទីក្រុងឈីកាហ្គោ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការដាក់ពង្រាយ ជាច្រើនសប្តាហ៍នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ទោះបីជាមានការប្រឆាំង នៅតែបន្តក៏ដោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនសិនហួ។

ខណៈពេលដែលលោក ត្រាំ បាននិងកំពុងគំរាមកំហែង នេះអស់រយៈពេលជាច្រើនសប្តាហ៍ អំពើហឹង្សាក្នុងទិវាពលកម្ម នៅចុងសប្តាហ៍ – យ៉ាងហោចណាស់ មានមនុស្សប្រាំបីនាក់បានស្លាប់ និង ៥០ នាក់រងរបួសនៅក្នុងការបាញ់ ប្រហារនៅទីក្រុងឈីកាហ្គោ ប្រហែលជាបានពង្រឹង ការតាំងចិត្តរបស់លោក។

លោក ត្រាំ បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើ Truth Social កាលពីថ្ងៃអង្គារថា “យ៉ាងហោចណាស់មនុស្ស ៥៤ នាក់ត្រូវបានបាញ់ប្រហារនៅទីក្រុងឈីកាហ្គោ នៅចុងសប្តាហ៍ ដោយមនុស្ស ៨ នាក់ត្រូវបានសម្លាប់ ហើយពីរសប្តាហ៍ចុង ក្រោយនះ គឺស្រដៀងគ្នា។ ទីក្រុង ឈីកាហ្គោ គឺជាទីក្រុងដ៏អាក្រក់ និងគ្រោះថ្នាក់បំផុត នៅក្នុងពិភពលោក” ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបន្តថា «ខ្ញុំនឹងដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឲ្យបានលឿនដូចខ្ញុំបានធ្វើនៅវ៉ាស៊ីនតោន ឌីស៊ី”។ នៅក្នុងការប្រកាសតាមដាន លោក ត្រាំ បានអះអាងថា “ទីក្រុងឈីកាហ្គោ គឺជាទីក្រុងឃាតកម្ម នៃពិភពលោក!”។ ថ្មីៗនេះ លោក ត្រាំ បានព្រមានអភិបាលរដ្ឋ Illinois លោក JB Pritzker នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយថា “និយាយត្រង់វាប្រសើរជាង លឿនជាង ឬយើងនឹងមក!”។

នៅក្នុងសន្និសីទសារព័ត៌មាន មួយនៅសេតវិមានកាលពីរសៀលថ្ងៃអង្គារ លោក ត្រាំ បានឲ្យដឹងថា លោកគ្រោងនឹងបញ្ជូន កងទ័ពឆ្មាំជាតិអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅទីក្រុងឈីកាហ្គោ ខណៈពេលដែលហៅលោក Pritzker ថាជា “អភិបាលដ៏គួរឱ្យភ័យខ្លាច” ។ ទីក្រុងឈីកាហ្គោ គឺជាទីក្រុងធំជាងគេនៅរដ្ឋ Illinois និងជាទីក្រុងធំជាងគេទី ៣ នៅសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុង New York និង Los Angeles ដែលមានប្រជាជនរស់នៅប្រមាណ ២.៧ លាននាក់។

ថ្មីៗនេះ អភិបាលក្រុងឈីកាហ្គោ លោក Brandon Johnson បានច្រានចោលសំណើរបស់លោក ត្រាំ ក្នុងការដាក់ពង្រាយ កងទ័ពឆ្មាំជាតិទៅកាន់ទីក្រុង ដោយហៅវិធីសាស្រ្តរបស់ប្រធានាធិបតីថា “មិនមានការសម្របសម្រួល គ្មានការអំពាវនាវ និងគ្មានហេតុផល”។ លោកបានឲ្យដឹងផងដែរថា ការដាក់ពង្រាយឆ្មាំជាតិនៅទីក្រុងឈីកាហ្គោ អាច “ធ្វើឱ្យមានភាពតានតឹងរវាងអ្នកស្រុក និងការអនុវត្តច្បាប់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top