លោក Donald Trump ថា យោធាអាមេរិកវាយប្រហារទៅលើកប៉ាល់ ដឹកគ្រឿងញៀនពីវ៉េណេស៊ុយអេឡា សម្លាប់មនុស្ស ១១នាក់

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅក្នុងប្រតិបត្តិការដែលគេស្គាល់ជាលើកដំបូង ចាប់តាំងពីការដាក់ពង្រាយនាវាចម្បាំងនាពេលថ្មីៗនេះរបស់រដ្ឋបាលរបស់លោកទៅកាន់ភាគខាងត្បូងការ៉ាប៊ីនថា យោធាសហរដ្ឋអាមេរិកបានសម្លាប់មនុស្ស ១១ នាក់កាលពីថ្ងៃអង្គារនៅក្នុងការវាយប្រហារលើនាវាពីប្រទេសវេណេហ្ស៊ុយអេឡា ដែលត្រូវបានចោទប្រកាន់ថា នាវានេះបានផ្ទុកសារធាតុញៀនខុសច្បាប់។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “ក្នុងរយៈពេលប៉ុន្មាននាទីចុងក្រោយនេះ យើងគ្រាន់តែបាញ់ទូកមួយគ្រឿង ជាទូកដឹកគ្រឿងញៀន គ្រឿងញៀនជាច្រើននៅក្នុងទូកនោះ”។
លោកបន្តថា “ហើយមានកន្លែងជាច្រើនទៀតដែលគ្រឿងញៀនចេញមក។ យើងមានគ្រឿងញៀនជាច្រើនហូរចូលប្រទេសរបស់យើង… ទាំងនេះចេញពីប្រទេសវេណេហ្ស៊ុយអេឡា”។
លោក Trump បាននិយាយថា “ការវាយប្រហារនេះបានបណ្តាលឱ្យភេរវករ ១១ នាក់ត្រូវបានសម្លាប់នៅក្នុងសកម្មភាព។ គ្មានកងកម្លាំងសហរដ្ឋអាមេរិកណាម្នាក់ រងគ្រោះនៅក្នុងការវាយប្រហារនេះទេ” ។
លោកបានបន្ថែមថា យោធាសហរដ្ឋអាមេរិកបានកំណត់អត្តសញ្ញាណនាវិកថាជាសមាជិកនៃក្រុមឧក្រិដ្ឋជនវេណេស៊ុយអេឡា Tren de Aragua ដែលសហរដ្ឋអាមេរិកបានចាត់តាំងជាក្រុមភេរវករកាលពីខែកុម្ភៈ។ លោកបានចោទប្រកាន់ម្តងហើយម្តងទៀតថា Tren de Aragua កំពុងត្រូវបានគ្រប់គ្រងដោយប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro ប៉ុន្តែយ៉ាងណាក៏ដោយ ការចោទប្រកាន់នេះ ក៏ត្រូវបានទីក្រុង Caracas បដិសេធចោលផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
