ព័ត៌មានអន្តរជាតិ

ការចងចាំ ពីប្រវត្តិសាស្ត្រ ជាធាតុចូលសំខាន់ សម្រាប់ការថែរក្សាសន្តិភាព

នៅថ្ងៃទី ៣ ខែកញ្ញាជារៀងរាល់ឆ្នាំ ប្រទេសចិន នឹងរៀបចំពិធីរំលឹកខួបថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាម ពិភពលោក ប្រឆាំង នឹងហ្វាស៊ីស ដើម្បីបង្ហាញពីឆន្ទៈ នៃការចងចាំពីប្រវត្តិសាស្ត្រ នៃការតស៊ូប្រយុទ្ធនិងការពលីជីវិត យ៉ាងអង់ អាចក្លាហាន របស់ប្រជាជនចិន ដើម្បីបុព្វហេតុសន្តិភាពរបស់មនុស្សជាតិ ។

ដោយឡែកនៅក្នុងឆ្នាំនេះ ពិធីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិនប្រឆាំង នឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីស ដ៏ឱឡារិកអមដោយពិធីត្រួតពល និងព្យុហយាត្រា ដ៏ធំនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ដែលមានការចូលរួម ពីសំណាក់ប្រមុខរដ្ឋ-រដ្ឋាភិបាល នៃប្រទេសចំនួន ២៦ និងមេដឹកនាំនៃអង្គការអន្តរជាតិនានា ដើម្បីអញ្ជើញជាសក្ខីភាពក្នុងពិធីរំលឹកខួបថ្ងៃជ័យជម្នះ បានបង្ហាញពីគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ ស្តីពីការចងចាំពីប្រវត្តិសាស្ត្រ រំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិត ថែរក្សាសន្តិភាព និងត្រួសត្រាយអនាគត ។

ផ្ទាំងពាណិជ្ជកម្ម

បច្ចុប្បន្ន និម្មាបនកម្មពិភពលោក បាននិងកំពុងប្រឈម នឹងបម្រែបម្រួលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រជិត ១ សតវត្សរ៍ ។ ការប៉ះទង្គិចឬសង្គ្រាមបានផ្ទុះឡើង នៅប្រទេសមួយចំនួន កត្តាអសន្តិសុខប្រពៃណី និងមិនប្រពៃណីបាននិងកំពុងកើនឡើង អាស្រ័យហេតុនេះ ពិភពលោកកាន់តែត្រូវការជាបន្ទាន់ និងជាងពេលណាៗទាំងអស់នូវកម្លាំងមហាសាមគ្គី និងគំនិតឯកភាពរួម ដើម្បីថែរក្សាសណ្តាប់ធ្នាប់និងសន្តិភាព ។
ដូចយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា មិនថាកាលពីអតីតកាលឬបច្ចុប្បន្នកាលនោះទេ សង្គ្រាមរមែងនាំមកនូវតែភាពវិនាសហិនហោច ភាពនិរាសព្រាត់ប្រាស ភាពទុរ្ភិក្ស និងភាពឈឺចាប់ខ្លាចផ្សារ ចំពោះមនុស្សជាតិ ហើយបានបន្សល់ទុកនូវសោកនាដកម្មដែលមិនអាចប៉ះប៉ូវបាន ។ អាយុជីវិតរបស់ក្រុមងាយ រងគ្រោះដូចជាស្ត្រី កុមារនិងមនុស្សចាស់ជរា រាប់មិនអស់ត្រូវបានលេបត្របាក់ដោយភ្លើងសង្គ្រាម យុទ្ធជនជួរមុខជាច្រើន ត្រូវពលីជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិ ។
បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី ២ ប្រទេសនានា ដែលស្នេហាសន្តិភាពបានពួតដៃគ្នាធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងពិភពលោកមួយ ដែលមានសន្តិភាព និងសណ្តាប់ធ្នាប់ ក្រោយសង្គ្រាម ។ ក្នុងន័យនេះ អង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងដើម្បីជាមគ្គុទេ្ទសក៍ ដឹកនាំកិច្ចការអន្តរជាតិនិង ដើរតួនាទីគាំពារសន្តិសុខ និង សន្តិភាពពិភពលោក ។ ប៉ុន្តែជារឿយៗ ទាំងប្រព័ន្ធច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិ តែងប្រឈមនឹងការសាកល្បង និងការវាយប្រហារពីកម្លាំងជ្រុលនិយម ភេរវនិយម ឯកតោភាគីនិយម អនុត្តរភាព និងគាំពារនិយមជាដើម ដែលជាកង្វល់រួមរបស់សហគមន៍អន្តរជាតិ ។
ការចងចាំពីប្រវត្តិសាស្ត្រ នៃសង្គ្រាម គឺដើម្បីចាត់ទុកជាកញ្ចក់ ឆ្លុះពីយុគសម័យអន្ធការដែលបង្កឡើងដោយសង្គ្រាម និងចាត់ទុកជាមេរៀន ដើម្បីចៀសវាងការដើរជាន់ដានចាស់ ។ យ៉ាងណាមិញ ការថែរក្សាសណ្តាប់ធ្នាប់ពិភពលោក មិនមែនស្ថិតនៅលើដៃរបស់ប្រទេសណា ឬបុគ្គលណាមួយនោះទេ តែត្រូវមានការចូលរួមពីគ្រប់ប្រទេសនិងតំបន់ទាំងអស់ ។ ពាក្យចាស់ពោលថា «ចង្កឹះមួយបាច់កាច់មិនបាក់» បើចង់រស់នៅក្រោមដំបូលសន្តិភាព អ្វីដែលគួរធ្វើគឺការរួមសាមគ្គីគ្នា ធ្វើកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិតដោយសន្តិវិធី តែមិនមែនអាងលើកម្លាំងបាយទៅសម្លុតកំហែង ឬគាបសង្កត់ឱ្យអ្នកដទៃ ធ្វើតាមគំនិតរបស់ខ្លួននោះឡើយ ។
ជាការពិតណាស់ ការដែលប្រទេសចិនអាចទទួលបានសមិទ្ធផល ដ៏ធំធេងដូចសព្វថ្ងៃ និងមានសុខសន្តិភាពពេញលេញ គឺដោយសារការបូជាឈាមស្រស់ សឹងតែអាយុជីវិត របស់វីរជន ជំនាន់ មុនក្នុងសង្គ្រាមប្រឆាំង នឹងការឈ្លានពាន ហេតុនេះ ប្រទេសចិនមិនត្រឹមតែប្រកាន់ ខ្ជាប់ការថែរក្សានិង ឱ្យតម្លៃយ៉ាង លើសលប់ ចំពោះសន្តិភាពក្នុងប្រទេសខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានខិតខំរួមចំណែករបស់ខ្លួន ក្នុងការគាំពារស្ថិរភាពនិងសន្តិភាពពិភពលោកផងដែរ ។ ក្នុងនោះ ក្រៅពីការជួយប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួចឱ្យស្តារនិង អភិវឌ្ឍន៍ប្រទេសជាតិ ប្រទេសចិនក៏បានចាត់បញ្ជូន កងកម្លាំង រក្សាសន្តិភាពអង្គការសហប្រជាជាតិច្រើន បំផុតដែលជាផ្នែកមួយ នៃការរួមចំណែកដ៏សំខាន់ ក្នុងការថែរក្សាសន្តិភាពពិភពលោក ។ បច្ចុប្បន្ន ស្របនឹងការងើបឡើងនៃប្រទេស«សកលខាងត្បូង» (បណ្តុំនៃប្រទេសកំពុងអភិវឌ្ឍន៍) ដែលនាំមុខដោយប្រទេសចិន សំឡេងគាំទ្រពហុភាគី និយមនិង ពិភពលោកពហុប៉ូល បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានរួមចំណែកយ៉ាងសំខាន់ ចំពោះការថែរក្សាការពារសណ្តាប់ធ្នាប់ ក្រោយសង្គ្រាមលោកលើកទី ២ និងសុខសន្តិភាពនៃពិភពលោក ។

អ្វីដែលគួររំលឹកផងដែរ នៅខែមេសា ឆ្នាំ ២០២២ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើង «គំនិតផ្តួចផ្តើមសន្តិសុខសកល» ដែលជាការរួមចំណែកជាពុទ្ធិនិងកម្លាំងចិន សម្រាប់ការជំរុញការអភិវឌ្ឍនិងការគាំពារសន្តិសុខនៃពិភពលោក ដែលទទួលបានការគាំទ្រ យ៉ាងទូលំ ទូលាយពីសំណាក់សហគមន៍អន្តរជាតិ ។ ជាពិសេស ក្នុងអំឡុងពេលដែលលោក ស៊ី ជីនភីង បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ ប្រទេសទាំងពីរកម្ពុជា និងចិនបានចេញផ្សាយ «សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមជាសាកលទាំងបី» ដោយភាគីកម្ពុជាបានអះអាង នូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល , គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកលរបស់ចិន ។
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញពាក្យ«អរគុណសន្តិភាព» ដើម្បីរំលេចពីសារៈសំខាន់លើសលប់ នៃសន្តិភាពចំពោះមនុស្សយើងគ្រប់រូប ។ កម្ពុជាជាប្រទេសដែលធ្លាប់រងគ្រោះដោយសារភ្លើងសង្គ្រាម អាស្រ័យហេតុនេះ ប្រជាជនគ្រប់រូបមិនចង់ឃើញ ប្រទេសជាតិធ្លាក់ក្នុងជ្រោះមរណាជាដាច់ខាត ព្រោះមានសន្តិភាព ទើបយើងអាចនិយាយពីរឿងអភិវឌ្ឍន៍ និងភាពសុខសាន្តនៃសង្គម ។
យើងមិនអាចបង្វិលកង់ប្រវត្តិសាស្ត្រ ឱ្យដើរថយក្រោយបានទេ ប៉ុន្តែយើងអាចចងចាំពីប្រវត្តិសាស្ត្រ ក្រេបយកបទពិសោធពីប្រវត្តិសាស្ត្រ និងចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ដើម្បីចៀសវាងកុំឱ្យសោកនាដកម្ម ក្នុងប្រវត្តិសាស្ត្រកើតឡើងជាថ្មី ។ មានតែការប្រឈមមុខយ៉ាងត្រឹមត្រូវ និងស្មោះត្រង់ចំពោះប្រវត្តិសាស្ត្រ ទើបអាចឆ្ពោះទៅរកអនាគតដែលប្រកប ដោយវិបុលភាពនិងការអភិវឌ្ឍ ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top