ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ហើយថា ផ្លូវសម្រាប់ការចរចា ជាមួយអាមេរិក មិនបានបិទនោះទេ

xinhua

តេអេរ៉ង់ៈ មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់បានឲ្យដឹងថា ផ្លូវសម្រាប់ការចរចា នុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកមិនត្រូវបានបិទនោះទេ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់លោក Ali Larijani បានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលបានរៀបរាប់លម្អិតអំពីលក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ សម្រាប់កិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន។ លោក Larijani បានបន្ថែមថា អ៊ីរ៉ង់ស្វែងរកការចរចា “សមហេតុផល” ដោយសង្កត់ធ្ងន់ថា “ដោយការលើកឡើងនូវបញ្ហា ដែលមិនអាចសម្រេចបាន ដូចជាការរឹតបន្តឹងមីស៊ីល អាមេរិក បានកំណត់ផ្លូវមួយ ដែលបដិសេធដល់ការចរចាណាមួយ” ។

ផ្ទាំងពាណិជ្ជកម្ម

អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គ្រោងនឹងធ្វើជុំទីប្រាំមួយនៃការចរចានុយក្លេអ៊ែរ ដោយប្រយោលរបស់ពួកគេនៅថ្ងៃទី ១៥ ខែមិថុនានៅប្រទេសអូម៉ង់។ កិច្ចពិភាក្សាត្រូវបានផ្អាក បន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស ដ៏ធំកាលពីថ្ងៃទី ១៣ ខែមិថុនា សំដៅលើទីតាំងអ៊ីរ៉ង់ជាច្រើន រួមទាំងកន្លែងនុយក្លេអ៊ែរ និងយោធា។ ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបី បានធ្វើឡើងនៅថ្ងៃទី ២២ ខែមិថុនា ។

កាលពីថ្ងៃទី ២៨ ខែសីហា រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Marco Rubio បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន នៅតែស្វែងរកការចរចា ដោយផ្ទាល់ជាមួយអ៊ីរ៉ង់ លើការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីការផ្លាស់ប្តូរដោយប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលហៅថា E3 ដើម្បីជំរុញយន្តការ “snapback” ដើម្បីដាក់ទណ្ឌកម្មអង្គការ សហប្រជាជាតិ ឡើងវិញលើទីក្រុងតេអេរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top