ជនជាតិប៉ាឡេស្ទីន ៦៤ នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប

ហ្គាហ្សា៖ យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ៦៤នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអង្គារ ខណៈដែលយោធាអ៊ីស្រាអែល បានជំរុញឱ្យប្រជាជនទីក្រុងហ្គាហ្សា ចាកចេញ មុនពេលការប្រយុទ្ធគ្នាកាន់តែកើនឡើង។
លោក Mahmoud Basal អ្នកនាំពាក្យការពារជនស៊ីវិល របស់តំបន់ហ្គាហ្សា បានប្រាប់កាសែត Xinhua ថាមនុស្ស ១៤ នាក់ ត្រូវបានសម្លាប់នៅពេល ដែលយន្តហោះអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើអគារ ផ្ទះល្វែងមួយកន្លែងនៅក្នុងសង្កាត់ Tal al-Hawa ភាគនិរតីនៃទីក្រុងហ្គាហ្សា ខណៈដែលមនុស្ស ១០ នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើផ្ទះលំនៅដ្ឋានមួយក្នុងសង្កាត់ al-Daraj ភាគខាងកើតទីក្រុង ។
លោកបានលើកឡើងថា មនុស្ស ១០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទៅលើផ្ទះល្វែង និងតង់លំនៅដ្ឋានអ្នកផ្លាស់ទីលំនៅនៅក្នុងសង្កាត់ Al-Nasr និង Sheikh Radwan នៅភាគខាងជើងទីក្រុងហ្គាហ្សា។ លោកបានកត់សម្គាល់ថាមនុស្ស ៥ នាក់ ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែកនៃការប្រមូលផ្តុំជនជាតិប៉ាឡេស្ទីននៅ Jabalia ភាគខាងជើងនៃតំបន់ហ្គាហ្សា ហើយ ៣ នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើកន្លែងដាក់អាហារនៅជិតឆ្នេរនៅភាគខាងលិចទីក្រុងហ្គាហ្សា។
នៅកណ្តាលហ្គាហ្សាស្ទ្រីប មនុស្ស ១២ នាក់ត្រូវបានសម្លាប់ រួមទាំង ១០ នាក់ដែលកំពុងរង់ចាំអាហារនៅជិតចំណុចចែកចាយជំនួយNetzarim និង ២ នាក់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុង Deir al-Balah ។ លោកបន្ដថា មនុស្ស ១០ នាក់ត្រូវបានសម្លាប់នៅក្នុង Khan Younis រួមទាំង ៦ នាក់ដែលកំពុងរង់ចាំអាហារនៅជិតឃ្លាំងចែកចាយជំនួយមួយ ខណៈដែលមនុស្ស ៤ នាក់ផ្សេងទៀតបានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសដាច់ដោយឡែកពីគ្នាលើទីក្រុង។
ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការយោធាកាន់តែខ្លាំងរបស់ខ្លួននៅថ្ងៃទី ១៨ ខែមីនា យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ១១,៥០២ នាក់ត្រូវបានសម្លាប់ និង ៤៨,៩០០ នាក់ផ្សេងទៀតបានរងរបួស ដែលនាំឱ្យចំនួនអ្នកស្លាប់សរុប នៅក្នុងតំបន់ហ្គាហ្សាចាប់តាំងពីសង្គ្រាម បានចាប់ផ្តើមក្នុងខែតុលា ឆ្នាំ ២០២៣ ដល់ ៦៣,៦៣៣ នាក់ និង ១៦០,៩១៤ នាក់ផ្សេងទៀតបានរងរបួស៕
