ព័ត៌មានអន្តរជាតិ

រដ្ឋសភារបស់ប្រទេសថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី៥ ខែកញ្ញានេះ ខណៈមេដឹកនាំគណបក្ស Bhumjaithai ប្រមូលបានសំឡេងគាំទ្រយ៉ាងច្រើន

បរទេស៖ លោក Wan Muhamad Noor Matha ប្រធានសភារបស់ប្រទេសថៃ បានផ្ញើលិខិតមួយច្បាប់ដោយអំពាវនាវឱ្យសមាជិកសភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី៥ ខែកញ្ញានេះ។

សារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា បន្ទាប់ពីតុលាការធម្មនុញ្ញសម្រេចក្នុងលទ្ធផល 6-3 ដើម្បីបណ្តេញលោកស្រី Paetongtarn Shinawatra ចេញពីតំណែងនាយករដ្ឋមន្ត្រីពីបទរំលោភលើបទដ្ឋានសីលធម៌ធ្ងន់ធ្ងរ គណៈរដ្ឋមន្ត្រីទាំងមូលក៏ត្រូវបានតម្រូវឱ្យដកតំណែងរបស់ពួកគេក្រោមរដ្ឋធម្មនុញ្ញផងដែរ។ រដ្ឋមន្ត្រី​នីមួយៗត្រូវ​បន្ត​ភារកិច្ច​រហូត​ដល់​មាន​រដ្ឋាភិបាល​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង។

បន្ទាប់ពីរឿងនេះ គណបក្ស Bhumjaithai បានតែងតាំងមេដឹកនាំរបស់ខ្លួន គឺលោក Anutin Charnvirakul ជាបេក្ខភាពនាយករដ្ឋមន្ត្រី ខណៈដែលគណបក្សភឿថៃ បានដាក់លោក Chaikasem Nitisiri សម្រាប់តួនាទីដូចគ្នានេះ។

ផ្ទាំងពាណិជ្ជកម្ម

ទន្ទឹម​នឹង​នោះ គណបក្ស​ប្រជាជន​របស់ថៃ ដែល​ទទួល​បាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​សភា​ ក៏បាន​សម្រេច​ចិត្ត​គាំទ្រ​លោក Anutin ជាបេក្ខភាពនាយករដ្ឋមន្ត្រីផងដែរ។

រឿងនេះបានកើតឡើងចំពេលមានពាក្យចចាមអារ៉ាមអំពីការរំលាយសភាដែលអាចធ្វើទៅបាន ទោះបីជាក្រឹត្យរំលាយត្រូវបានច្រានចោលនៅទីបំផុតក៏ដោយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top