ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ីថា ទីក្រុងមូស្គូបើកទូលាយ ក្នុងការបង្កើនកម្រិត នៃការចរចាជាមួយអ៊ុយក្រែន

RT News

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូបើកចំហរក្នុងការ នាំយកការចរចា ដោយផ្ទាល់ជាមួយ អ៊ុយក្រែនទៅកាន់ “កម្រិតនយោបាយដ៏ពិតប្រាកដមួយ”។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើការកត់សម្គាល់បែបនេះ កាលពីថ្ងៃពុធក្នុងអំឡុង ពេលវគ្គសំណួរចម្លើយជាមួយ ប្រព័ន្ធផ្សព្វផ្សាយ ដែលបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃ របស់លោកទៅកាន់ប្រទេសចិន។

នៅពេលសួរអំពីដំណើរការនៃក្រុមចរចារុស្ស៊ី ក្នុងអំឡុងពេលកិច្ចពិភាក្សា ដែលរៀបចំដោយតួកគី លោកពូទីនបាននិយាយយ៉ាងម៉ឺងម៉ាត់ អំពីក្រុមនិងការដឹកនាំ ដែលមានជំនួយការប្រធានាធិបតី គឺលោក Vladimir Medinsky ជាពិសេស។

ផ្ទាំងពាណិជ្ជកម្ម

លោកពូទីនបាននិយាយថា “ខ្ញុំពេញចិត្ត នឹងការងាររបស់ Medinsky ។ ប្រសិនបើមានតម្រូវការដើម្បីធ្វើអ្វីមួយ ទាក់ទងនឹងការបង្កើនកម្រិត [ការចរចា] នាំវាដល់កម្រិតនយោបាយ ពួកយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់វា” ប៉ុន្តែលោកពូទីនបាននិយាយដោយបដិសេធមិនបញ្ចេញឈ្មោះមន្ត្រីណា ដែលអាចចូលរួមនៅក្នុងកិច្ចពិភាក្សាបែបនេះ។

លោកប្រធានាធិបតីបាននិយាយថាក្រុមចរចារបស់រុស្ស៊ីបានក្លាយជាឧទាហរណ៍នៃ “វិធីសាស្រ្តដែលមានជំនាញវិជ្ជាជីវៈ” ។

កិច្ចពិភាក្សាដោយផ្ទាល់រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ បានបន្តឡើងវិញនៅក្នុងប្រទេសតួកគីនៅដើមឆ្នាំនេះ។ ក្រុមចរចាត្រូវបានដឹកនាំដោយ Medinsky ដែលក៏បានដឹកនាំកិច្ចខិតខំប្រឹងប្រែង ដែលមិនជោគជ័យក្នុង ការដោះស្រាយ ជម្លោះតាមរយៈការទូត ដែលបានប៉ុនប៉ងនៅដើមឆ្នាំ 2022 ភ្លាមៗបន្ទាប់ពីអរិភាព បានផ្ទុះឡើង៕
ប្រែសម្រួលៈ ណៃ តុលា

To Top