ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បដិសេធ​សំណើ​បទ​ឈប់​បាញ់​របស់​ក្រុម​ហាម៉ាស់ ដោយ​ប្តេជ្ញា​បន្ត​ការ​វាយលុក​លើទីក្រុង​ហ្គាហ្សា

Xinhua

ហ្កាហ្សា៖ អ៊ីស្រាអែល បានច្រានចោលសំណើរបស់ហាម៉ាស់ សម្រាប់ការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ទូលំទូលាយនៅក្នុងតំបន់ហ្គាហ្សា ដើម្បីបញ្ចប់សង្រ្គាមដោយថាកងទ័ពរបស់ខ្លួននឹងបន្តរៀបចំសម្រាប់ការវាយប្រហារដ៏ធំមួយលើទីក្រុងហ្គាហ្សា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ ក្រុមហាម៉ាស់បានរំលឹកឡើងវិញនូវឆន្ទៈរបស់ខ្លួនក្នុងការឈានដល់ “កិច្ចព្រមព្រៀងទូលំទូលាយ” ដែលចំណាប់ខ្មាំងអ៊ីស្រាអែលនៅហ្គាហ្សា នឹងត្រូវបានដោះលែងជាថ្នូរនឹងចំនួនអ្នកទោសប៉ាឡេស្ទីន ដែលបានព្រមព្រៀងគ្នានៅក្នុងអ៊ីស្រាអែល។

យោងតាមក្រុមហាម៉ាស់ កិច្ចព្រមព្រៀងនេះក៏នឹងរួមបញ្ចូលបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកកងកម្លាំងអ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សា ការបើកច្រកព្រំដែនឡើងវិញ ដើម្បីអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ និងការផ្គត់ផ្គង់សំខាន់ៗ និងការចាប់ផ្ដើមកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ។

ផ្ទាំងពាណិជ្ជកម្ម

ក្រុមហាម៉ាស់ ក៏បានសម្តែងការគាំទ្រ ចំពោះការបង្កើតរដ្ឋបាលជាតិឯករាជ្យមួយ ដែលមានសមាសភាពពីអ្នកបច្ចេកទេស ដើម្បីទទួលខុសត្រូវភ្លាមៗក្នុងការគ្រប់គ្រងកិច្ចការស៊ីវិលរបស់ហ្គាហ្សា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top