ព័ត៌មានអន្តរជាតិ

អាជ្ញាធរ ចុះវាស់វែងកំណត់ដី ចំណីផ្លូវ សម្រាប់ការពង្រីកកែលម្អ សោភ័ណភាពដងផ្លូវ ក្នុងក្រុងប៉ៃលិន

ប៉ៃលិន ៖ លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញចុះវាស់វែង និងកំណត់ដីចំណីផ្លូវជាក់ស្តែង ពីចំណុច ធនាគារកាណាឌីយ៉ា រហូតដល់ចំណុចផ្លូវបំបែក ការរ៉ាស់សាំង មាន មាន ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីពង្រីកផ្លូវ និងកែលម្អសោភ័ណភាពក្រុង ឱ្យមានភាពទាក់ទាញ ស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ល្អប្រសើរ។

លោក ហុក សុផល បានលើកឡើងថា ក្រោមការដឹកនាំរបស់លោកស្រី បាន ស្រីមុំ បាននិងកំពុងជម្រុញ ពង្រឹងការអនុវត្តច្បាប់ស្តីពី សំណង់ឱ្យមានគុណភាព សុវត្ថិភាព និងសោភ័ណ្ឌភាព ទប់ស្កាត់មិនអោយមានការសាងសង់សំណង់សំយ៉ាប ដែលលយចូលដីចំណីផ្លូវ ប៉ះពាល់ដល់សុវត្ថិភាព និងធ្វើអោយបាត់បង់សោភ័ណភាពតាមដងផ្លូវសាធារណៈ។

ផ្ទាំងពាណិជ្ជកម្ម

លោកហុក សុផល បានបន្តថា ការចុះវាស់វែង កំណត់ដីចំណីផ្លូវនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តប៉ៃលិន ជាពិសេសការពង្រីក និងធ្វើឱ្យផ្លូវថ្នល់មានភាពទូលាយងាយស្រួល ក្នុងការធ្វើចរាចរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ នៅក្នុងខេត្តប៉ៃលិន។ វាក៏ជាចំណុចសំខាន់សម្រាប់ កែលម្អទេសភាពក្រុង និងលំអដោយរុក្ខជាតិ ដើម្បីបង្កើតបរិយាកាសបៃតង ជាទីកម្សាន្ត និងលំហាត់ប្រាណរបស់ប្រជាពលរដ្ឋ ដែលមានបរិយាកាសល្អ ក្តីសុខ និងការរស់នៅប្រកបដោយភាពក្សេមក្សាន្តក្នុងជីវិត៕

អត្ថបទ ៖ សុខ វិច្ឆ័យ /ប៉ៃលិន / ដើមអម្ពិល
រូបភាព៖ រដ្ឋបាលស្រុកកំពង់ស្វាយ

To Top