លោក ថាក់ស៊ីន ធ្វើដំណើរទៅដល់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ជំនួសឲ្យការទៅពិនិត្យជំងឺសិង្ហបុរី

បរទេស ៖ លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ដ្រីថៃ បានចុះចតនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ជំនួសឲ្យសិង្ហបុរី ដែលលោកបានអះអាងថា ទៅពិនិត្យសុខភាព ។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ថា យន្តហោះរបស់ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា គិតត្រឹមម៉ោង ១១ និង០៥នាទីយប់ ម៉ោងនៅទីក្រុងបាងកក គឺហោះនៅជិតទីក្រុង Chennai ប្រទេសឥណ្ឌា ចេញពីឈូងសមុទ្រ Bengal ហើយរំកិលទៅភាគពាយ័ព្យ ។
យ៉ាងណាក៏ដោយ ប៉ូលិសអន្តោប្រវេសន៍ចេញ សេចក្តីថ្លែងការណ៍ទាក់ទង នឹងការចាកចេញរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពីប្រទេសថៃ ។ ឆ្លើយតបនឹងសេចក្តីរាយការណ៍ព័ត៌មាន ពីបណ្តាញផ្សព្វផ្សាយនានាអំពីការចាកចេញរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ពីព្រះរាជាណាចក្រថៃ តាមអាកាសយានដ្ឋានដនមឿង នៅល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ ឆេងរ៉ុន រីមផាឌី មេបញ្ជាការកងពលធំ អន្តោប្រវេសន៍ទី២ បានបញ្ជាក់ប្រាប់សារព័ត៌មាន នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។
លោកបានបញ្ជាក់ថា នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ៤៖៥០ នាទីល្ងាច ប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ដុនមឿង បានទទួលការជូនដំណឹងពីក្រុមហ៊ុន MJets ថា អ្នកដំណើរនឹងចាកចេញពីព្រះរាជាណាចក្រថៃ តាមយន្តហោះឯកជនទៅកាន់ប្រទេសសិង្ហបុរី។
ឈ្មោះ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបង្ហាញខ្លួន នៅលើជើងហោះហើរ T7GTS ដែលជាជើងហោះហើរឯកជន ឆ្ពោះទៅប្រទេសសិង្ហបុរី។ នៅពេលពិនិត្យប្រព័ន្ធនេះ គេបានរកឃើញថា មិនមានដីការបស់តុលាការហាមប្រាមគាត់ មិនឱ្យធ្វើដំណើរទៅក្រៅប្រទេសនោះទេ ហើយក៏មិនមានដីកា ព្រហ្មទណ្ឌសម្រាប់ចាប់ខ្លួនគាត់ដែរ ។
ការត្រួតពិនិត្យហ្មត់ចត់បានបង្ហាញថា លោកថាក់ស៊ីន មិនមានដីកា ឬដីកាផ្សេងទៀត របស់តុលាការ ដែលហាមឃាត់គាត់មិនឱ្យធ្វើដំណើរ ទៅក្រៅប្រទេសនោះទេ។ ដូច្នេះហើយ មន្ត្រីអន្តោប្រវេសន៍បានផ្តល់ការអនុញ្ញាតឱ្យគាត់ចាកចេញ ពីប្រទេសថៃ ស្របតាមច្បាប់អន្តោប្រវេសន៍ឆ្នាំ 1979 ។ យន្តហោះបានចាកចេញពីអាកាសយានដ្ឋានដនមឿងនៅម៉ោង 7:17 យប់។
សូមជម្រាបថា លោក ថាក់ស៊ីន បានចាកចេញពីប្រទេសថៃ មុនពេលដែលរដ្ឋសភានឹងបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី៥ ខែកញ្ញានេះ។
សារព័ត៌មាន The Nation ចេញផ្សាយថា បន្ទាប់ពីតុលាការធម្មនុញ្ញសម្រេចក្នុងលទ្ធផល 6-3 ដើម្បីបណ្តេញលោកស្រី Paetongtarn Shinawatra ចេញពីតំណែងនាយករដ្ឋមន្ត្រីពីបទរំលោភលើបទដ្ឋាន សីលធម៌ធ្ងន់ធ្ងរ គណៈរដ្ឋមន្ត្រីទាំងមូល ក៏ត្រូវបានតម្រូវឱ្យដកតំណែង របស់ពួកគេក្រោមរដ្ឋធម្មនុញ្ញផងដែរ។ រដ្ឋមន្ត្រីនីមួយៗ ត្រូវបន្តភារកិច្ចរហូតដល់មានរដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើង។
បន្ទាប់ពីរឿងនេះ គណបក្ស Bhumjaithai បានតែងតាំងមេដឹកនាំរបស់ខ្លួន គឺលោក Anutin Charnvirakul ជាបេក្ខភាពនាយករដ្ឋមន្ត្រី ខណៈដែលគណបក្សភឿថៃ បានដាក់លោក Chaikasem Nitisiri សម្រាប់តួនាទីដូចគ្នានេះ។
ទន្ទឹមនឹងនោះ គណបក្សប្រជាជនរបស់ថៃ ដែលទទួលបានអាសនៈច្រើនជាងគេក្នុងសភា ក៏បានសម្រេចចិត្តគាំទ្រលោក Anutin ជាបេក្ខភាពនាយករដ្ឋមន្ត្រីផងដែរ ។
រឿងនេះបានកើតឡើង ចំពេលមានពាក្យចចាមអារ៉ាមអំពីការរំលាយសភា ដែលអាចធ្វើទៅបាន ទោះបីជាក្រឹត្យរំលាយត្រូវ បានច្រានចោលនៅទីបំផុតក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា
