រដ្ឋមន្ត្រីការពារជាតិអាមេរិកថា លោក ដូណាល់ ត្រាំ បញ្ជាឱ្យមន្ទីរបញ្ចកោណឱ្យ “រារាំង” រុស្ស៊ី និងចិន

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកការស្តារ ការរារាំងប្រឆាំងនឹងរុស្ស៊ី និងចិន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងទៅកាន់ Fox News លោក Hegseth បានអះអាងថា ព្យុហយាត្រាយោធា នៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ដែលចូលរួមដោយប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានគូសបញ្ជាក់ពីទំនាក់ទំនង កាន់តែជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ។
លោក Hegseth បាននិយាយថា “ជាអកុសល ភាពទន់ខ្សោយ នៃរដ្ឋបាលមុនបានជំរុញឱ្យរុស្ស៊ី និងចិនកាន់តែជិត ស្និទ្ធជាមួយគ្នា។ នោះគឺជាការអភិវឌ្ឍន៍ដ៏គួរឱ្យភ័យខ្លាច នៃកង្វះភាពជាអ្នកដឹកនាំរបស់អាមេរិក និងកង្វះកម្លាំងរបស់អាមេរិក” ។
លោកបានបន្ថែមថា Trump បានផ្តល់បន្ទុក ឱ្យពួកយើងនៅក្រសួង ការពារជាតិ ឱ្យត្រៀមខ្លួន កសាងយោធា របស់យើងឡើងវិញ តាមវិធីប្រវត្តិសាស្ត្រ ស្តារសីលធម៌អ្នកចម្បាំង និងបង្កើតការរារាំងឡើងវិញ” ។
ក្រោយមក លោក Hegseth បានបញ្ជាក់ថា ទោះបីជាអាមេរិកមិនស្វែង រកជម្លោះជាមួយរុស្ស៊ី ឬចិនក៏ដោយ ក៏វាមានគោលបំណង «រក្សាផលប្រយោជន៍ជាយុទ្ធសាស្ត្រ»ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
