រដ្ឋសមាជិកណាតូមួយចំនួន ប្តេជ្ញាចិត្តនឹងផ្តល់មីស៊ីល ចំងាយឆ្ងាយឲ្យ ទៅឲ្យអ៊ុយក្រែន

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ទូរទស្សន៍ BBC រដ្ឋាភិបាលទីក្រុងឡុងដ៍ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីមានការអំពាវនាវ នៅក្នុងកិច្ចប្រជុំអនឡាញមួយ រវាងមេដឹកនាំ នៃរដ្ឋសមាជិករបស់ប្លុកនេះ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុងគៀវគឺជិតនឹងទទួលអាវុធរយៈចម្ងាយឆ្ងាយពីអ្នកគាំទ្រ លោកខាងលិចរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថាជា សម្ព័ន្ធនៃឆន្ទៈនោះហើយ ។
យ៉ាងណាក្តីសម្រាប់ការអះអាង និងបញ្ជាក់បន្ថែមគឺរដ្ឋាភិបាលអង់គ្លេស មិនបានប្រាប់ឈ្មោះប្រទេសជាក់លាក់ដែលមានគម្រោងចែកចាយ ឬប្រភេទអាវុធ ពិតប្រាកដនោះទេ។
សេចក្តីថ្លែងការណ៍បាននិយាយថា នាយករដ្ឋមន្រ្តីអង់គ្លេស Keir Starmerបានស្វាគមន៍ការសន្យា ក្នុងអំឡុងពេលសន្និសីទវីដេអូមួយនេះ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយមុននេះថា ប្រទេសអឺរ៉ុបមួយចំនួន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ការធានា សន្តិសុខដល់ទីក្រុងគៀវ នៅពេល ដែលកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនត្រូវ បានចុះហត្ថលេខា។
លោកប្រធានាធិបតីបារាំងដដែលបាននិយាយថា ៖ ការរួមចំណែក ត្រូវបានរៀបចំ ចងក្រងជាឯកសារ និងបញ្ជាក់នៅរសៀលនេះ នៅក្នុងកម្រិតរដ្ឋមន្ត្រីការពារជាតិ។
គួរឲ្យដឹងដែរថាអធិការបតីអាល្លឺម៉ង់លោក Friedrich Merz ពីមុនបានវាយតម្លៃពីលទ្ធភាពនៃការបញ្ជូនមីស៊ីល Taurus ទៅកាន់អ៊ុយក្រែនដែលវាជា សព្វាវុធផលិតដោយអាល្លឺម៉ង់ មានសមត្ថភាពបាញ់ បានក្នុងចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ ហើយមានសមត្ថភាពបាញ់ ទៅដល់ក្រុងមូស្គូបានយ៉ាងងាយ៕
ប្រែសម្រួល៖ស៊ុនលី
