ចិនកូរ៉េខាងជើង ប្តេជ្ញាចិត្ត ក្នុងការបង្កើន ទំនាក់ទំនងកាន់តែជិតស្និទ្ធ ក្នុងពេលកិច្ចប្រជុំរវាងមេដឹកនាំ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មេដឹកនាំកំពូលនៃប្រទេសចិន និងកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងសារជាថ្មី អំពីចំណងមិត្តភាពដ៏យូរអង្វែង រវាងប្រទេសជិតខាងទាំងពីរ ដោយសន្យាថានឹងមានការអភិវឌ្ឍន៍បន្ថែមទៀត នៃទំនាក់ទំនងទ្វេភាគី។
សារទាំងនេះបានកើតឡើង នៅពេលដែលលោក Xi Jinping អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានាធិបតីចិន បានជួបពិភាក្សាជាមួយលោក Kim Jong Un អគ្គលេខាធិការបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋ នៃកូរ៉េខាងជើងនៅទីក្រុងប៉េកាំង។
លោក Kim Jong Un បានធ្វើដំណើរមកដល់ប្រទេសចិន ដើម្បីចូលរួមពិធីរំលឹកខួបលើកទី ៨០នៃជ័យជម្នះនៅក្នុង សង្រ្គាមរបស់ប្រជាជនចិន តស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។
លោក Xi បាននិយាយថា នេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កូរ៉េខាងជើង ក្នុងការការពារលទ្ធផលនៃជ័យជំនះក្នុងសង្គ្រាមលោកលើកទី២ ហើយបានផ្តល់ឱកាសដ៏សំខាន់មួយ សម្រាប់ភាគីទាំងពីរ និងប្រទេសទាំងពីរក្នុងការអភិវឌ្ឍន៍ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
មេដឹកនាំចិន លោកបាននិយាយទៀតថា ប្រទេសចិន និងកូរ៉េខាងជើង គឺជាអ្នកជិតខាងដ៏ល្អ មិត្តល្អ និងសមមិត្តល្អ ដែលចែករំលែកជោគវាសនារួម និងឈរក្បែរគ្នាជានិច្ច៕
ប្រែសម្រួល៖ស៊ុនលី
